ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ មានបុគ្គលខ្លះយករឿងកសិកម្មទៅសម្តែងនៅលើបណ្តាញសង្គម ដើមចង់បានការគាំទ្រពីសាធារណៈជន និងកេងចំណេញផ្នែកនយោបាយ
(ភ្នំពេញ)៖នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មានបុគ្គលខ្លះ យករឿងកសិកម្ម ទៅសម្តែងនៅលើបណ្តាញសង្គម ដើម្បីចង់បានការគាំទ្រពីសាធារណៈជន និងកេងចំណេញផ្នែកនយោបាយ។
ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីណែនាំទៅមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើការបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យសាធារណៈជនមានការភាន់ច្រឡំ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី ឌិតទីណា បានលើកឡើងដែរថា៖ ការបង្កើតមាតិកាផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងវិស័យកសិកម្ម របស់បុគ្គលមួយចំនួន គឺដើម្បីបណ្តុះបង្អាប់នូវសមិទ្ធផលនានាដែលសម្រេចបាន ដោយរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់អនុសាស្ត្រណែនាំដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពន្យល់បកស្រាយនូវភាពមិនប្រក្រតី ឬការវាយប្រហារណាមួយ និងចូលរួមអន្តរាគមន៍ឱ្យទាន់ពេលវេលា ដើម្បីឆ្លើយតបផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ រក្សាស្ថិរភាពថ្លៃកសិផលជាដើម។
ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ៕
ដោយ ៖ ម៉ាដេប៉ូ