ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានអនុវត្តសកម្មភាពសម្អាតផ្លូវជាតិ
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឃុំសង្កាត់ ចំនួន៨៥ ស្មើ៧១% នៃចំនួន ឃុំសង្កាត់ នៅតាមបណ្តោយ ផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ នៅក្នុងខេត្តគោលដៅទាំ៧ នៃប្រទេសកម្ពុជាត្រូវបានសម្អាតដោយក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនោះ មានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃសិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប១៣ ២៦២ នាក់។
ជាមួយគ្នានេះ យុទ្ធនាការបានបំបាត់គនរសំរាម ដែលមិនរៀបរយចំនួន ២២១កន្លែង និងប្រមូលទុកដាក់សំណល់សរុបបានចំនួន ៤២ ៣២៣ គីឡូក្រាម និងបានអនុវត្តលើកំណាត់ផ្លូវ ៣២៤គីឡូម៉ែត្រ ស្មើនឹង ៥១% នៃប្រវែងផ្លូវសរុប។
សូមជម្រាបថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តផែនការសកម្មភាព «ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅបណ្តារាជធានី ខេត្តចំនួន ៧ តាមដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ គោលបំណងនៃផែនការសកម្មភាពនេះ គឺជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវជាតិសម្រាប់ ឆ្នាំ២០២៥»៕
ដោយ ៖ ង៉ាន់ ទិត្យ








