ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ រយៈពេល ៤យប់ បានបញ្ចប់ដោយជោគជ័យ និងបង្ហាញសាមគ្គីភាព លើទឹកដីខេត្តឧត្តរមានជ័យ
(ឧត្ដរមានជ័យ) ៖ ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ឆ្នាំ២០២៤ រយៈពេល៤យប់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីខេត្ដឧត្ដរមានជ័យ បានបញ្ចប់ដោយជោគជ័យ និងបង្ហាញពីសាមគ្គីភាព លើទឹកដីខេត្តឧត្តរមានជ័យ ។
ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ការរៀបចំបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ អន្តរជាតិ ក្រោមប្រធានបទ “ស្ម័គ្រចិត្តរួមគ្នា ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” ជាការចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងការអភិវឌ្ឍមូលធនមនុស្សដែលផ្តោតទៅលើមនុស្សដែលមានសុខភាពល្អ និងសមត្ថភាព ជំរំយុវជននៅក្នុងពេលនេះគឺជាឱកាសមួយដែលអាចឱ្យយុវជនធ្វើការផ្លាស់ប្តូរបទពិសោធន៍ អាចធ្វើការចែករំលែកសាមគ្គីធម៌ជាមួយគ្នាក្នុងរស់នៅក្នុងជំរំ យកចិត្តទុកដាក់គិតគូពីគ្នាទៅវិញទៅមក នៅក្នុងការរៀនសូត្របានអំពីថាអ្វីជាបច្ចុប្បន្នភាពនៃបញ្ហា និងការប្រឈមនៅក្នុងសកម្មភាពមនុស្សធម៌ដែលយុវជន កក្រក មានភារកិច្ចក្នុងការចូលរួមចំណែកជួយធ្វើឱ្យប្រសើរឡើងសម្រាប់ភាពធន់សហគមន៍ ។
ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ការបោះជំរំនេះគឺទទួលបាននូវចំណេះដឹង បំណិនជីវិត និងបទពិសោធន៍ការងារក្នុងការរស់នៅបែបជីវិតផ្ទាល់ខ្លួន ជាបុគ្គល ជាគ្រួសារ និងសហគមន៍ ជាមួយនឹងការចងចាំនូវអនុស្សាវរីយ៍វិជ្ជមានល្អៗ នៅពេលដែលប្អូនៗវិលត្រឡប់ទៅតាមបណ្តាប្រទេស រាជធានី ខេត្ត និងតាមសហគមន៍រៀងៗខ្លួន ។ មិនតែប៉ុណ្ណោះ ប្អូនៗក៏ត្រូវបន្តនូវប្រពៃណីគោរពស្រឡាញ់ និងដើរតាមគំរូវីរភាពរបស់ អគ្គមគ្គុទ្ទេសក៍ឯក ស្ថាបនិកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែន និងរៀមច្បងស្នេហាជាតិទាំងអស់ ព្រមទាំងបណ្តុះនូវស្មារតី ឧត្តមគតិ ថែរក្សាការពារសមិទ្ធផលសន្តិភាព និងវប្បធម៌ផ្សះផ្សារ បង្រួមបង្រួមជាតិ ឯកភាពទឹកដី ឱ្យស្ថិតនៅគង់វង្ស ជានិច្ចនិរន្តរ៍ក្នុងសង្គមជាតិរបស់យើងជារៀងដរាបជាមួយការគោរពស្រឡាញ់ និងជឿជាក់គាំទ្រដល់បេសកកម្មដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានពាំនាំនូវអនុសាសន៍ផ្ដាំផ្ញើរបស់ សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្អូនៗដែលបានចូលរួម គឺ៖
១៖ សូមយកចិត្តទុកដាក់ ពង្រឹងវប្បធម៌ចែករំលែក សកម្មភាព មិត្ត-អប់-រំមិត្ត, មិត្ត-ជួយ-មិត្ត ចេះយកអាសារគ្នា ជួយសិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ
២៖ បន្ដពង្រឹងតួនាទីស្នូល និងសមត្ថភាពរបស់យុវជន ក្នុងការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងលើកទឹកចិត្តឱ្យមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ និងរកដំណោះស្រាយបញ្ហាប្រឈមថ្មីសកល ការងារមនុស្សធម៌ ដើម្បីចែករំលែកនូវបទពិសោធន៍ ការប្រជុំពិភាក្សាបន្ថែម ផ្តល់នូវគំនិតថ្មីៗ ហើយត្រូវស្វែងរកដំណោះស្រាយរួមគ្នា
៣៖ បន្ដលើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពលើវិស័យមនុស្សធម៌ រវាងសមាគមជាតិក្នុងតំបន់ ភូមិភាគ សាខាចងសម្ព័ន្ធភាពជាមួយគ្នា និងសាខា ដែលបានចូលរួម។
៤៖ បន្តផ្ដល់ឱកាស គាំទ្រ និងលើកទឹកចិត្តឱ្យមានគំនិតច្នៃប្រឌិតថ្មីៗសម្រាប់យុវជនអនុវត្ត ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងទៅថ្ងៃអនាគត ជំរុញឱ្យមានការធ្វើការជាក្រុម ស្វ័យសិក្សាពីបំណិតជីវិត ជីវភាពស្នាក់នៅ ហូបចុករួមគ្នាជាក់ស្ដែង។
សូមជម្រាបជូនថា ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤នេះ ធ្វើឡើងរយៈពេល ៤យប់ នៅលើទឹកដីខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលកម្មវិធីបើក កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តោតលើការយកចិត្តទុកដាក់ចំពោះយុវជនកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត ជាប់ជាប្រចាំ តាមរយៈការទទួលបានវគ្គបណ្ដុះបណ្ដាល វគ្គបំប៉នចំណេះដឹង ការផ្លាស់ប្ដូរបទពិសោធន៍ គំនិតផ្ដួចផ្ដើមថ្មី និងនវានុវត្តកម្មមនុស្សធម៌ ផ្ដល់ឱកាសឱ្យយុវជនចូលរួមសកម្មភាពមនុស្សធម៌ទាំងនៅវ័យក្មេង និងពង្រឹងតួនាទីស្នូលរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលជាកម្លាំងបន្ដវេន ទាំងក្នុងបច្ចុប្បន្ន ទៅអនាគត ចូលរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនទាំងថ្នាក់ជាតិ និងឆាកអន្ដរជាតិ ៕
ដោយ / គ្រី សម្បត្តិ