អឺរ៉ុបជំរុញរឹតបន្តឹងការជក់បារី និងបារីអេឡិចត្រូនិកនៅតាមទីសាធារណៈ

ព្រុចសែល ៖ បណ្តាប្រទេសសហភាពអឺរ៉ុប នៅថ្ងៃអង្គារសប្តាហ៍នេះ បានព្រមព្រៀងជំរុញច្បាប់រឹតបន្តឹងការជក់បារី ដើម្បីគាំទ្រដល់ការហាមឃាត់ការជក់បារី និងបារីអេឡិចត្រូនិកនៅតាមទីសាធារណៈនានា ក្នុងនោះរួមទាំងកន្លែងក្មេងលេង និងហាងកាហ្វេជាដើម។

សំណើដែលជំរុញឲ្យរដ្ឋជាសមាជិកអឺរ៉ុប ទប់ស្កាត់ផ្សែងបារី និងបារីអេឡិចត្រូនិកនេះ ត្រូវបានអនុម័តដោយក្រុមរដ្ឋមន្ត្រីសុខាភិបាលមកពីប្រទេសចំនួន២៧ ដែលបានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។ យ៉ាងណាមិញ សំណើនេះនឹងមិនជាប់ពាក់ព័ន្ធកាតព្វកិច្ចផ្លូវច្បាប់ឡើយ ដ្បិតបញ្ហាសុខភាព គឺជាដែនសមត្ថកិច្ចរបស់រដ្ឋសមាជិកនីមួយៗ។

ប៉ុន្តែការស្នើឡើងនេះផ្តល់នូវការចង្អុលបង្ហាញ អំពីគោលនយោបាយដែលរដ្ឋាភិបាលអាចអនុវត្តបាននាពេលអនាគត ខណៈដែលពួកគេប្រឹងប្រែងកាត់បន្ថយការស្លាប់ និងជំងឺទាក់ទងជាមួយផ្សែងបារី។

ការជំរុញនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុបមានបំណងកាត់បន្ថយចំនួនប្រជាជនជក់បារី ពីប្រហែល ២៥ភាគរយក្នុងពេលបច្ចុប្បន្ន មកតិចជាង ៥ភាគរយនៅឆ្នាំ២០៤០ ដែលនេះជាផ្នែកនៃផែនការលុបបំបាត់ជំងឺមហារីករបស់ខ្លួន។

យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ការប្រើប្រាស់ថ្នាំជក់ត្រូវបានប៉ាន់ប្រមាណថា នឹងសម្លាប់មនុស្សជាង ៨លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ រួមទាំងអ្នកមិនជក់បារីប្រហែល ១.៣លាននាក់ ដែលបានប៉ះពាល់ ឬស្រូបផ្សែងបារី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner