អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់មន្រ្តីមូលដ្ឋានឱ្យជួយផ្សព្វផ្សាយ​ដល់កសិករក្នុងការ​ជ្រើសរើសពូជស្រូវដែលមានទីផ្សារល្អ

បន្ទាយមានជ័យ៖ក្នុងពិធីប្រកាសតែងតាំងអភិបាលរង និងប្រធាន​រដ្ឋបាល ស្រុកអូរជ្រៅ និងក្រុង សិរីសោភ័ណកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន​ដាស់តឿនដល់ អាជ្ញាធរស្រុក ក្រុង ត្រូវបន្តជួយ ផ្សព្វផ្សាយ ដល់ប្រជា​កសិករឱ្យចេះជ្រើសរើសពូជស្រូវដែលមានទីផ្សារល្អក្នុងការនាំចេញ ។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា កម្ពុជាមានពូជស្រូវជាច្រើន​ប្រភេទ តែមានប្រភេទ​ខ្លះទីផ្សារចង្អៀត គឺលក់បានតែក្នុងស្រុក និងមានតម្លៃទាប ។​ប៉ុន្តែ​ប្រភេទស្រូវមួយចំនួនមានតម្លៃខ្ពស់ ហើយមានទីផ្សារទាំង​ក្នុងប្រទេស និងនាំចេញទៅទីផ្សារក្រៅ​ប្រទេស។ឯកឧត្តមបន្តថា ប្រមុខរាជរដ្ឋាភិបាល តាមរយៈ ក្រសួងកសិកម្មបាន​យក​ចិត្តទុកដាក់បង្កើនការបន្សុទ្ធពូជស្រូវ​ល្អដែល​ឆ្លើយតបទីផ្សារ​នាំចេញស្រូវឬអង្ករ។ការងារនេះមានការចូលរួមពីមន្ត្រីកសិកម្ម រួមជាមួយសហគមន៍ និងសមាគម​ស្រូវអង្ករកម្ពុជា ។

ជាមួយនឹងការជំរុញឱ្យចិត្តទុកដាក់លើការជ្រើសរើសពូជមានតម្លៃនិងផលិតដោយក្រសួងកសិកម្ម ឯកឧត្តមអភិបាលខេត្តក៏បាន រំលឹក​ដល់​អាជ្ញាធរមូលដ្ឋានលើការគ្រប់គ្រងទឹកផងដែរ មានស្ទឹង និងអាងទឹករួម​ទាំង​​ប្រព័ន្ធធធារាសាស្ត្រជាដើម។

លោក កែវ តារា រស្មី អភិបាលស្រុកអូរជ្រៅ និងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានលើកឡើងស្រដៀងៗគ្នាថា កសិករនៅ​មូលដ្ឋានរបស់លោក ភាគច្រើនធ្វើស្រូវប្រាំងពូជស្រូវមិនប្រកាន់រដូវ ព្រោះស្រូវវស្សាប្រឈមនឹងទឹកភ្លៀង​មិនគ្រប់​គ្រាន់។ផ្ទុយពីស្រូវប្រាំង កសិករមានប្រភពទឹកប្រើប្រាស់ធ្វើស្រែលើសផែនការ ។

សូមជម្រាបថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានភាព​ល្បីល្បាញលើវិស័យកសិកម្ម និងជាប់ឈ្មោះជាខេត្តជង្រុក​ស្រូវរបស់​កម្ពុជា ខេត្តមានផ្ទៃដីដាំដុះស្រូវសរុបចំនួនជាង៣០ម៉ឺនហិកតា៕

គួររំលឹកថា ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជ​រដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគ​ជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងមួយឆ្នាំខេត្ត​ទទួលបានទិន្នផលស្រូវចន្លោះពី៩សែនតោន ទៅ១លានតោន ក្នុងនោះ ស្រូវវស្សា៧៦៨,៧៩៥តោនក្នុង១ឆ្នាំ ស្រូវប្រាំង២៥១,៣៦៨​តោន​ក្នុង១ឆ្នាំ។ក្នុងរយៈពេល៥ឆ្នាំនេះ បរិមាណស្រូវសរុបចំនួន ៤,៨១៥,​៤៦៣តោន, ពោតក្រហម ចំនួន៣៩១,៦៣០តោន, ដំឡូងមី ១០,២៨២,​២១៨តោន អំពៅ៧៤,៨៨១តោន។

ដោយឡែក សម្រាប់ប្រព័ន្ធធារាសាស្រ្តវិញ ដែលបានចុះបញ្ជីសារ​ពើ​ភណ្ឌ (CISIS) សរុបចំនួន៨៧ប្រព័ន្ធ (ខ្នាតតូច ៦ប្រព័ន្ធ ខ្នាតមធ្យម ៧៥ប្រព័ន្ធ និងខ្នាតធំ៦ប្រព័ន្ធ) ស្ថិតនៅរាយប៉ាយតាមបណ្តា ក្រុង ស្រុកទូទាំងខេត្ត ដែលអាចធ្វើការស្រោចស្រព​បានលើផ្ទៃដីចំនួន​៦៣,២០២ហិកតា ផ្ទៃដីស្រូវវស្សាដែលទទួលបានពីប្រព័ន្ធស្រោច​ស្រពចំនួន២៧,៩៨៤ហិកតា ផ្ទៃដីស្រូវប្រាំង​ចំនួន៣៥,២១៨ហិកតា។

ឯកឧត្តមអភិបាលខេត្តបានបន្ដថា សម្រាប់ផ្ទៃដីដំណាំឧស្សាហកម្ម​សរុបមានចំនួន១២២,៧៩២ហិកតា ក្នុងនោះដំឡូងមី​១០២,៩៥៥​ហិកតា ស្វាយចន្ទី៣,៥៨៩ហិកតា ពោតក្រហម១៣,៧៦១ហិកតា អំពៅ៥០១ហិកតា សណ្ដែកបាយ៥១ហិកតា ដំណាំបន្លែមានចំនួន​៣,៥៣៨ហិកតា ដំណាំរួមផ្សំ មានចំនួន៥,៧៣៥ហិកតា។

ការងារគ្រឿងយន្តកសិកម្ម មានត្រាក់ទ័រចំនួន៣,៩១៣គ្រឿង, គោយន្តចំនួន៤៥,៩៦៥គ្រឿង, ម៉ាស៊ីនច្រូតចំនួន៨០២គ្រឿង, រោងម៉ាស៊ីនកិនស្រូវ និងកែច្នៃមានចំនួន៣៥៨កន្លែង, ម៉ាស៊ីនសម្ងួត​មាន​ចំនួន១៥កន្លែង ដែលមានសមត្ថភាពសម្ងួត ចំនួន​២៣៥,៨០០​តោនក្នុងមួយឆ្នាំ។

ការជំរុញការចិញ្ចឹមសត្វ ជារួមមានគោក្របីចំនួន១៣២,៤៦០ក្បាល, ជ្រូកសរុបចំនួន៤៦,៨៦៩ក្បាល និងបក្សីសរុប​ចំនួន១,៦៦៧,​៣៩៩ក្បាល។ ក្នុងនោះមានកសិដ្ឋានចិញ្ចឹមលក្ខណៈពាណិជ្ជកម្ម ចំនួន៨៣កសិដ្ឋាន ដែលមានសត្វ ចំនួន៥៨៥,៥៨៧ក្បាល ក្នុងនោះគោចំនួន១៤កសិដ្ឋាន ស្មើ២,០១៣ក្បាល, ជ្រូកមានចំនួន ២០កសិដ្ឋាន ស្មើនឹង​២៥,០៧៤ក្បាល និងបក្សី (មាន់ ទា) ចំនួន៤៩កសិដ្ឋាន ស្មើនឹង៥៥៨,៥០០ក្បាល។

ការអភិវឌ្ឍវារីវប្បកម្ម ក្នុងរយៈពេល៥ឆ្នាំនេះ ផលនេសាទសរុបទទួល​បានចំនួន ១៣០,៣០៨តោន ដែលក្នុងនោះ បានកែច្នៃ​ផល​នេសាទ​សម្រាប់ធ្វើការនាំចេញចំនួន ២,១៨៥តោន។

សហគមន៍កសិកម្មមាន ចំនួន៤៩សហគមន៍ សមាជិកសរុបចំនួន៤,​៨០៥​នាក់ និងមានទុនសរុបចំនួន១,៨១៤,៤០៦,៣០០​រៀល។ សហគមន៍នេសាទចំនួន១៩សហគមន៍ ដែលមានសមាជិកសរុបចំនួន ១២,០៩៣នាក់។ សហគមន៍ព្រៃឈើ​មានចំនួន៩សហគមន៍ មានលើ​ផ្ទៃដីចំនួន៣,៥៤៤ហិកតា គ្រួសារចំនួន១,៨០៣គ្រួសារ មនុស្សរាយចំនួន៤,៨៣៩នាក់៕
ដោយ៖គៀន ច័ន្ទហ៊ីន

ads banner