ឯកឧត្តម ហេង សួរ ៖ ដើម្បីធានាថា សិស្សមករៀនចប់ រៀនចេះ មានការងារធ្វើ គ្រូត្រូវមានសមត្ថភាព និងសិល្បៈនៃការបង្រៀន
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល មានទិសដៅធ្វើយ៉ាងណាលើកទឹកចិត្តសិស្ស មករៀន រៀនឱ្យចប់ រៀនឱ្យចេះ និងរៀនឱ្យមានការងារធ្វើ ។ កត្តាទាំងអស់នេះ គ្រូមានសមត្ថភាពនិងសិល្បៈនៃការបង្រៀន ឱ្យឆាប់យល់ពីការសិក្សានេះ ។

ការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងពិធីបិទវគ្គវិក្រិតការទូទាំងប្រទេស «វិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ ដើម្បីគាំទ្រដល់ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅសាលប្រជុំធំអាគារអង្គរវត្ត នៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស។

ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមថា វគ្គវិក្រិតការនេះត្រូវបានបើកវគ្គបណ្តុះបណ្តាលម្តងរួចមកហើយ កាលពីឆ្នាំ២០២៣ កន្លងទៅដល់សិក្ខាកាមជាគ្រូបណ្តុះបណ្តាលជំនាញចំនួន ២៤៥នាក់ ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានជំរុញ និងដល់លោកគ្រូ អ្នកគ្រូ ជាអ្នកបណ្តុះបណ្តាលជំនាញ ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែម ពីលើចំដឹងដែលក្រសួងបានបណ្តុះបណ្តាល និងត្រូវខិតខំស្វ័យសិក្សាចំណេះជំនាញ បច្ចេកទេសថ្មីៗ តាមប្រភពផ្សេងៗ ដើម្បីងាយស្រួល ក្នុងការពន្យល់ បង្ហាត់ បង្រៀនសិស្ស ឱ្យបានឆាប់ចេះដឹងទៅតាមផែនការ ។

ឯកឧត្តម បណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាល និងវិជ្ជាជីវៈ បានឱ្យដឹងថា វគ្គវិក្រឹតការ គ្រូបច្ចេកទេស លើកទី២ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញជា វាគ្មិនកិត្តិយស និងភាគីពាក់ព័ន្ធ សរុបចំនួន ១ពាន់ នាក់ ដោយសិក្សារយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ស្របទៅតាមកម្មវិធី បណ្តុះបណ្តាល ដែលមានម៉ូឌុលសរុបចំនួន៦ ដែលបណ្តុះបណ្តាលដល់គ្រូបច្ចេកទេសមកពីបណ្តាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សរុបចំនួន ១៥០នាក់ ស្រី ១៧នាក់ លើ ៩វិស័យ និង ១៣ជំនាញ ។

គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ដែលបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកទល់និងពេលនេះ មានប្រមាណជា៧ម៉ឺននាក់បានដាក់ឈ្មោះចូលរៀន ក្នុងនោះសិស្ស ដែលសម្បត្តិអាចចូលរៀនបានមានប្រមាណជា ៦ម៉ឹននាក់ ហើយអ្នកដែលបានចូលរៀន មានចំនួនប្រមាណជា ៤ម៉ឺននាក់ និងបញ្ចប់ការសិក្សាដោយមានចំនួន ១ម៉ឺន៧ពាក់នាក់ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា






