ក្រុមហ៊ុនលក់សព្វាវុធសង្គ្រាមសង្ងំកើបលុយជាង ៦០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣
ស្តុកខុល ៖ សង្រ្គាមអ៊ុយក្រែន សង្រ្គាមហ្កាហ្សា និងភាពតានតឹងប្រជែងកម្លាំងគ្នានៅតំបន់អាស៊ី ព្រមទាំងនយោបាយបំពាក់អាវុធឲ្យកងទ័ពនៅតាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ជាដើមចមជំរុញឲ្យមុខជំនួញលក់អាវុធកាក់កបខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។

តួយ៉ាង ក្រុមហ៊ុនផលិតអាវុធធំៗនៅសហរដ្ឋអាមេរិក រុស្ស៊ី និងមជ្ឈិមបូព៌ា បានកើបលុយរាប់ពាន់លានដុល្លារពីការលក់អាវុធ ដែលចេះតែកើនឡើងជាលំដាប់ ដោយសារភាពតានតឹងនៅតំបន់អាស៊ី ជាពិសេសសង្រ្គាមអ៊ុយក្រែន និងហ្កាហ្សា។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ (SIPRI) របស់ប្រទេសស៊ុយអែត បានឱ្យដឹងថា ក្រុមហ៊ុនផលិតអាវុធធំៗក្នុងពិភពលោកចំនួន១០០ កើបលុយសរុប ៦៣២ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ពីការលក់សព្វាវុធសង្គ្រាម កើនឡើងចំនួន ៤.២% បើធៀបនឹងឆ្នាំ២០២២។

ក្នុងនោះ ក្រុមហ៊ុនលក់អាវុធអាមេរិកនៅតែនាំមុខគេ ខាងផលិតសព្វាវុធសង្គ្រាម ដោយសារតែប្រទេសមហាអំណាចនេះ មានក្រុមហ៊ុនលក់អាវុធដល់ទៅ៤១ ក្នុងចំណោមក្រុមហ៊ុនផលិតអាវុធធំៗចំនួន១០០នៅក្នុងពិភពលោក។

រីឯអឺរ៉ុប មានក្រុមហ៊ុនផលិតអាវុធចំនួន២៧ ក្នុងបញ្ជីទាំង១០០ ចាប់ផ្តើមមានសន្ទុះផលិតអាវុធច្រើនជាងមុន ដូចជាគ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ដែលគេត្រូវការប្រើច្រើនក្នុងសង្រ្គាមអ៊ុយក្រែន និងដើម្បីបំពាក់អាវុធឲ្យកងទ័ពរបស់ខ្លួនឡើងវិញ បន្ទាប់ពីខ្ជីខ្ជារ ក្រោយចប់សង្រ្គាមត្រជាក់។

ចំណែកនៅអាស៊ី ក្រុមហ៊ុនកូរ៉េខាងត្បូង និងជប៉ុនរកប្រាក់ចំណូលបានពីការលក់អាវុធច្រើនជាងឆ្នាំមុនៗប្រប្រហែល ៣៥% ច្រើនជាងក្រុមហ៊ុនរដ្ឋចិនទាំង៩ ដែលបោះជំហានយឺតៗ ពីព្រោះសេដ្ឋកិច្ចដើរមិនសូវលឿននៅឆ្នាំ២០២៣៕
ប្រភព ៖ AP ប្រែសម្រួល ៖ ឈឹម ទីណា