សហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក

ភ្នំពេញ ÷ ចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនាដំណាច់ឆ្នាំទាំងអស់គ្នា!

សហគ្រិនខ្មែរនិងផ្សារទំនើបអ៉ីអនសូមប្រកាសអំពីកិច្ចសហការជាថ្មីម្តងទៀតតាមរយៈពិព័រណ៍ផលិតផលក្នុងស្រុកដែលនឹងដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៉ីអនភ្នំពេញ ផ្សារទំនើបអ៉ីអនសែនសុខស៊ីធី និង ផ្សារទំនើបអ៉ីអនមានជ័យ។

ដោយទទួលបានភាពជោគជ័យពីកម្មវិធីមុនៗ ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់និងនៅក្រៅតំបន់។ នេះគឺជាលើកទី៨ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនបានសហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផល និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។ ពាក្យស្លោកនៃពិព័រណ៍នេះ គឺ«គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ “សហគ្រិនខ្មែរពិតជាមានមោទនភាព នៅពេលដែលបានឃើញពីកំណើនអតិថិជនក្នុងការគាំទ្រផលិតផលក្នុងស្រុក។ ភាពជាដៃគូរបស់យើងជាមួយអ៉ីអនពង្រឹងការកសាងប្រព័ន្ធអេកូឡូសុីក្នុងការជំរុញការលក់ ក៏ដូចជាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ។ ពិព័រណ៍ផលិតផលក្នុងស្រុកនេះ គឺស្របទៅតាមបេសកកម្មរបស់យើងក្នុងការផ្សព្វផ្សាយផលិតផល និងអាជីវកម្មក្នុងស្រុកនៅក្នុងផ្សារទំនើប និងកន្លែងផ្សេងៗទៀត។ នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅកាន់ឱកាសទីផ្សារធំៗបន្ថែមទៀត។

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) មានប្រសាសន៌ថា៖ “គិតចាប់តាំងពីឆ្នាំ២០២១មក នេះជាលើកទី៨ហើយ ដែលផ្សារទំនើបអ៉ីអន បានសហការណ៌ជាមួយសហគ្រិនខ្មែរ ក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ នៅក្នុងផ្សារទំនើបអ៉ីអន ទាំង៣សាខារបស់យើង ដោយមានការគាំទ្រយ៉ាងពេញលេញពីសហគ្រិនខ្មែរ (KE)។ ពិព័រណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុក និងជនបរទេសផងដែរ។ ក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រតាំងពីឆ្នាំដំបូងរហូតដល់ថ្ងៃនេះ។ អ៉ីអនប្តេជ្ញាគាំទ្រកសិករក្នុងស្រុកផ្សព្វផ្សាយ
ផលិតផលក្នុងស្រុក និងធានាសុវត្ថិភាពចំណីអាហារគុណភាព និងតម្លៃសមរម្យដល់អតិថិជនទាំងអស់។

កុំភ្លេចចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនៅសាខាផ្សារទំនើបអ៉ីអនដែលនៅជិតលោកអ្នកបំផុត។ អ្នកនឹងអាចទិញផលិតផលក្នុងស្រុកដែលមានគុណភាពល្អជាច្រើនពីគ្រឿងទេសផ្សេងៗ និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ រួមមានបន្លែស្រស់ ទឹកដោះគោ អង្ករ វត្ថុអនុស្សាវរីយ៍ និងផលិតផលផ្សេងៗទៀត។ លើសពីនេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ៕ អត្ថបទ ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner