ជប៉ុនផលិតឈុតមនុស្សយន្តជួយទាហានអ៊ុយក្រែនរងរបួសក្នុងសង្គ្រាម
តូក្យូ ៖ ក្រុមហ៊ុន Cyberdyne Inc របស់ជប៉ុន បានផលិតឈុតមនុស្សយន្តថ្មីមួយ ដើម្បីជួយអតីតទាហានអ៊ុយក្រែន ដែលរងរបួសធ្ងន់ធ្ងរដោយសារសង្គ្រាមប្រឆាំងរុស្ស៊ី អាចពាក់ធ្វើចលនាដូចមនុស្សធម្មតាឡើងវិញបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japan today។
ក្រុមហ៊ុន Cyberdyne Inc បាននិយាយថា ខ្លួនទទួលបានការបញ្ជាទិញឈុតមនុស្សយន្ត HAL ចំនួន ៤៦គ្រឿង ក្នុងតម្លៃជាង ២លានដុល្លារ ដែលនេះជាផ្នែកនៃគម្រោងរបស់ទីភ្នាក់ងារគាំទ្រដោយរដ្ឋាភិបាលជប៉ុន ដើម្បីជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ឈុតមនុស្សយន្ត Hybrid Assistive Limb ហៅកាត់ថា HAL ត្រូវបានរចនាឡើងក្នុងគោលបំណងកែលម្អ គាំទ្រ និងជួយដល់មុខងាររាងកាយរបស់អ្នកពាក់ឡើងវិញ ដោយចាប់សញ្ញាបញ្ជូនពីខួរក្បាលទៅសាច់ដុំ ដើម្បីចាប់ផ្តើមចលនា។
យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Cyberdyne បានឱ្យដឹងថា ឈុតមនុស្សយន្តនេះ អាចឱ្យអ្នកពាក់ ដើរ ឬលើកវត្ថុធ្ងន់ៗបានយ៉ាងងាយស្រួល ទោះបីជាសាច់ដុំចុះខ្សោយខ្លាំងក៏ដោយ។ ការពង្រីកខ្លួនចូលទៅកាន់អ៊ុយក្រែន កើតឡើងនៅពេលដែលឈុតមនុស្សយន្ត HAL ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាង២០ ដើម្បីជួយមនុស្សអាចស្តារមុខងារសាច់ដុំរបស់ពួកគេឡើងវិញ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Tsukuba ភាគឦសាននៃទីក្រុងតូក្យមួយនេះ បានបញ្ជាក់ថា ឈុតមនុស្សយន្ត HAL ដែលអាចពាក់បាននេះ នឹងបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែន នៅខែមីនាឆ្នាំក្រោយ ហើយវានឹងត្រូវប្រើប្រាស់ដើម្បីព្យាបាលអ្នកមានរបួសឆ្អឹងខ្នង និងបញ្ហាសាច់ដុំផ្សេងៗទៀត៕
ប្រភព ៖ Japan Today ប្រែសម្រួល ៖ ឈឹម ទីណា