អ៊ីស្រាអែលព្រមានថាអាចមានភេរវកម្មនៅអាស៊ីអាគ្នេយ៍

បរទេស៖ ផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល ហៅកាត់ NSC បានព្រមាន អំពីការគំរាមកំហែងភេរវកម្ម កាន់តែខ្លាំងឡើង ប្រឆាំងនឹងពលរដ្ឋអ៊ីស្រាអែល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស នៅក្នុងប្រទេសថៃ។

NSC បានព្រមានថា ប៉ុន្មានសប្តាហ៍មកនេះ ជនជាតិអ៊ីស្រាអែល គឺជាគោលដៅវាយប្រហារ ដោយអង្គការភេរវករ ដែលក៏មានបណ្តាញនៅក្នុងប្រទេសថៃ ខណៈ អង្គការនេះមានទំនាក់ទំនងនៅអាស៊ីអាគ្នេយ៍ នេះបើតាមការវាយតម្លៃ និង ការស៊ើបការណ៍របស់ NSC ចេញជាសេចក្តីថ្លែងការណ៍មួយ។

ប្រភពបង្ហាញថា ពួកភេរវករដែលទទួលខុសត្រូវចំពោះការសម្លាប់លោក Rabbi Zvi Kogan បេសកកជន នៃចលនា Chabad Orthodox Jewish និងជាពលរដ្ឋអ៊ីស្រាអែល-Moldovan នៅទីក្រុងឌូបៃ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា បាននិងកំពុងរៀបចំផែនការសកម្មភាពភេរវករ បន្ថែមទៀត។

NSC បានចេញនូវគោលការណ៍ណែនាំចំនួន៧ចំណុច ដោយផ្តល់អនុសាសន៍ដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ កំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អនុវត្តឲ្យបានជាប់លាប់។ ក្នុងនោះ បានដំឡើងការព្រមានអំពីការធ្វើដំណើរសម្រាប់ប្រទេសថៃ ដល់កម្រិត 2 ដែលមានន័យថា អ្នកដំណើរត្រូវបានណែនាំឱ្យ «បង្កើនវិធានការប្រុងប្រយ័ត្ន» ខ្ពស់។

ការដាស់តឿននេះបានកើតឡើង ក្រោយពេលដែលប៉ូលីសថៃ បានព្រមានអំពីផែនការភេរវកម្ម នៅក្នុងពិធីជប់លៀងមួយ នៅលើកោះវិស្សមកាល Phangan កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដែលជាកន្លែងដែលត្រូវបានគេជឿថា មានភ្ញៀវ ជាជនជាតិអ៊ីស្រាអែលច្រើន៕

ប្រភពពី Xinhua ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner