វៀតណាមគ្រោងរុះរើស្ថាប័នរដ្ឋ និងច្របាច់បណ្តាញផ្សព្វផ្សាយបញ្ចូលគ្នា
ហាណូយ៖ រដ្ឋាភិបាលវៀតណាមគ្រោងនឹងរំលាយចោល ឬច្របាច់បញ្ជូលក្រសួងចំនួន ៥ ក្នុងការរុះរើខ្នាតធំដើម្បីបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាដើម្បីពន្លឿនការអភិវឌ្ឍន៍ស្ថាប័នរដ្ឋសម្រាប់ឆ្នាំ ២០២៥ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃអង្គារ ។
លោក Le Minh Hung ប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបាននិយាយថា តាមគម្រោង ក្រសួងផែនការ និងវិនិយោគ នឹងដាក់រួមបញ្ចូលគ្នាជាមួយក្រសួងហិរញ្ញវត្ថុ ហើយក្រសួងដឹកជញ្ជូននឹងច្របាច់បញ្ចូលគ្នាជាមួយក្រសួងសំណង់ ខណៈក្រសួងពត៌មាន និងទំនាក់ទំនង នឹងដាក់ចូលជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
ចំណែកក្រសួងធនធានធម្មជាតិ និងបរិស្ថាននឹងដាក់បញ្ចូលគ្នាជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ រីឯក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ត្រូវរំលាយចោល ដោយផ្ទេរភារកិច្ចទៅឲ្យក្រសួងដទៃទៀតជាអ្នកគ្រប់គ្រង។
បន្ថែមពីនេះ រដ្ឋសភាវៀតណាម ក៏គ្រោងនឹងកាត់បន្ថយគណៈកម្មាធិការចំនួន ៤ ផងដែរ ។
ក្រៅពីក្រសួង ស្ថាប័នសារព័ត៌មានដូចជា ទីភ្នាក់ងារព័ត៌មានវៀតណាម, ទូរទស្សន៍ VOV និងទូរទស្សន៍ VTC ក៏នឹងឈប់ដំណើរការផងដែរ ដោយផ្ទេរការងារទាំងនោះទៅឲ្យទូរទស្សន៍វៀតណាម ហៅកាត់ VTV ជំនួសវិញ ។
គណៈកម្មាធិការ និងភ្នាក់ងារបក្សទាំងអស់ ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធរបស់ខ្លួន ហើយបញ្ជូនរបាយការណ៍ទៅកាន់គណៈកម្មាធិការដឹកនាំ ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខណៈសេចក្ដីសម្រេចចុងក្រោយ នឹងត្រូវអនុម័តដោយគណៈកម្មាធិការមជ្ឈិមបក្សនាខែមីនា ឆ្នាំ ២០២៥ ៕
ប្រភពពី VN Express ប្រែសម្រួល៖ សារ៉ាត