លោក ត្រាំ នឹងហោះទៅក្រៅប្រទេសលើកដំបូង ក្រោយជាប់ឆ្នោត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និយាយថា ថ្ងៃសៅរ៍នេះលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស នៃប្រទេសបារាំង ដែលនេះជាការធ្វើទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការបោះឆ្នោត។
លោក ត្រាំ បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា លោកនឹងចូលរួមក្នុងពិធីមួយ ដែលជាព្រឹត្តិការណ៍បើកព្រះវិហារដ៏ល្បីល្បាញរបស់បារាំង Notre Dame ឡើងវិញ។ វិហារនេះត្រូវបានជួសជុលឡើងវិញបន្ទាប់ពីមានអគ្គីភ័យឆាបឆេះក្នុងឆ្នាំ ២០១៩។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងមេដឹកនាំប្រទេសផ្សេងៗទៀត ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីនេះដែរ។ ទូរទស្សន៍អាមេរិក CNN បានដកស្រង់ប្រភពព័ត៌មានដែលបាននិយាយថា លោក ត្រាំ ត្រូវបានអញ្ជើញដោយរដ្ឋាភិបាលបារាំង។
ក្នុងអំឡុងអាណត្តិដំបូងរបស់ខ្លួន លោក ត្រាំ និងលោក ម៉ាក្រុង ហាក់មានការខ្វែងគំនិតគ្នា ជុំវិញតួនាទីរបស់អង្គការណាតូ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ ប៉ុន្តែលោក ម៉ាក្រុង ស្ថិតក្នុងចំណោមមេដឹកនាំបរទេសដំបូងគេ ដែលអបអរសាទរលោក ត្រាំ ឈ្នះការបោះឆ្នោតឡើងវិញក្នុងខែវិច្ឆិកា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា