អ៊ុយក្រែនប្រើគ្រាប់កាំភ្លើងធំអឺរ៉ុបជាង ១លានគ្រាប់ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី
ព្រុចសែល ៖ ប្រធានគោលនយោបាយការបរទេសថ្មីរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា គិតមកទល់ពេលនេះ អឺរ៉ុបបានបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១លានគ្រាប់ទៅឱ្យអ៊ុយក្រែនប្រើក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ហើយគ្រោងនឹងផលិតបន្ថែមទៀត។
លោកស្រី Kaja Kallas បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីពេលង្មីៗនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ។
ចំនួនគ្រាប់កាំភ្លើងធំទាំងនោះបានបំពេញតាមការសន្យារបស់អឺរ៉ុប ដែលខ្លួនបាននិយាយថា នឹងប្រគល់ជូនអ៊ុយក្រែននៅខែមីនាឆ្នាំនេះ។ ប៉ុន្តែលោកស្រី Kallas បានអះអាងថា វាមិនគ្រប់គ្រាន់ទេ ចាំបាច់ត្រូវធ្វើបន្ថែមទៀត។
ទាក់ទិននឹងជំនួយយោធានៅឆ្នាំក្រោយដល់អ៊ុយក្រែន លោកស្រី Kallas បាននិយាយថា ចំនួនពិតប្រាកដមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
អ៊ុយក្រែនបានជួបប្រទះការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្រទេសនេះមានគោលបំណងជំរុញការវាយលុកប្រឆាំងនឹងរុស្ស៊ី នៅពេលដែលបណ្តាប្រទេសលោកខាងលិចបង្កើនការគាំទ្ររបស់ពួកគេ។
ដោយឡែកទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់ថវិកាសហព័ន្ធសម្រាប់ឆ្នាំ ២០២៥។
បើតាមទីភ្នាក់ងារសារព័ត៌មានដដែល បាននិយាយថា ប្រហែល ១២៦ពាន់លានដុល្លារត្រូវបានបម្រុងទុកសម្រាប់វិស័យការពារជាតិ ដែលកើនឡើង ២៥ភាគរយ។ រុស្ស៊ីក៏ត្រូវបានគេរំពឹងដឺរថា នឹងប្រើប្រាស់ថវិកាការពារជាតិដ៏ច្រើនរបស់ខ្លួន ដើម្បីជំរុញការផលិតសព្វាវុធ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា