យូអិនត្រូវការលុយ ៤៧ពាន់លានដុល្លារ ជួយមនុស្ស ១៩០លាននាក់នៅឆ្នាំ ២០២៥
ហ្សឺណែវ ៖ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធបានប្រកាសស្វែងរកជំនួយចំនួន ៤៧ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ ដើម្បីជួយមនុស្សប្រហែល ១៩០លាននាក់ ដែលរត់គេចពីជម្លោះ និងការប្រយុទ្ធគ្នា ហើយប្រឈមមុខនូវភាពស្រែកឃ្លាន។
ប្រធានជំនួយថ្មីរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា ពិភពលោកកំពុងរងទុក្ខវេទនាដែលមិនធ្លាប់មានពីមុនមក ដូច្នេះអង្គការសហប្រជាជាតិសង្ឃឹមថា ជំនួយនឹងទៅដល់ដៃប្រជាជននៅក្នុងប្រទេសចំនួន៣២ នៅឆ្នាំក្រោយ រួមទាំងស៊ូដង់ ស៊ីរី ហ្កាហ្សា និងអ៊ុយក្រែន ដែលហែកហួរដោយសារសង្រ្គាម។
លោក Fletcher ដែលជាអតីតអ្នកការទូតអង់គ្លេស និងបានចាប់ផ្តើមតំណែងជាប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៃអង្គការសហប្រជាជាតិកាលពីខែមុន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ភ្លើងកំពុងដុតកំឡោចពិភពលោក ហើយនេះជារបៀបដែលយើងពន្លត់វា។
ការអំពាវនាវរបស់លោក Fletcher គឺជាចំនួនទឹកប្រាក់ធំបំផុតលំដាប់ទី៤ ក្នុងប្រវត្តិសាស្រ្តរបស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។
កន្លងមក អង្គការសហប្រជាជាតិបានសម្រេចកាត់បន្ថយការអំពាវនាវថវិការបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ពីចំនួន ៥៦ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ មកនៅ ៤៦ពាន់លានដុល្លារ ស្របពេលការបរិច្ចាគបានថយចុះ។
យ៉ាងណាមិញ អង្គការសហប្រជាជាតិអាចរកបានត្រឹមតែ ៤៣ភាគរយប៉ុណ្ណោះ នៃថវិកា ៤៦ពាន់លានដុល្លារ នោះជាអត្រាអាក្រក់បំផុតមួយក្នុងប្រវត្តិសាស្រ្ត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា