ថៃគ្រោងលក់ «ឆ្នោតចូលនិវត្តន៍» ជំរុញការសន្សំរយៈពេលវែង

បាងកក៖ កាសែត The Nation បានចេញផ្សាយថា ថៃនឹងដំណើរការ «ឆ្នោតចូលនិវត្តន៍» ជំរុញការសន្សំ រយៈពេលវែង ក្នុងនោះ ឆ្នោត១សន្លឹក នឹងមានតម្លៃ ៥០បាត ឬ ប្រមាណ ១.៥០ដុល្លារអាមេរិក ជាមួយនឹងការចាប់រង្វាន់ តម្លៃ១លានបាត ឬស្មើនឹងជិត ៣០០០ដុល្លារ ចំនួន៥រង្វាន់ ហើយការចាប់ឆ្នោតធ្វើឡើង ជារៀងរាល់ថ្ងៃសុក្រ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Paopoom Rojanasakul បាននិយាយថា ការសន្សំ មិនថាឈ្នះ ឬ មិនឈ្នះរង្វាន់ បូកនឹងអត្រាការប្រាក់ ត្រូវប្រគល់ជូនអ្នកទិញវិញ នៅពេលដែលពួកគេ មានអាយុ៦០ឆ្នាំ ជាមួយនឹងការបង្កើតគណនីសន្សំ។ ប៉ុន្តែ ទោះដល់អាយុចូលនិវត្តន៍ក៏ដោយ ប្រសិនបើពួកគេសុខចិត្តរង់ចាំរយៈពេល ១០ ឆ្នាំទៀត ក៏បាន ដើម្បីដកប្រាក់សរុប ហើយពេលនោះ ក៏មានសិទ្ធិទិញឆ្នោតបន្ត។

ប្រភពបន្តថា ពលរដ្ឋអាចទិញឆ្នោត ជារៀងរាល់ថ្ងៃ ដោយកំណត់ត្រឹម ៣,០០០ បាត ឬ ប្រមាណ ៨៧ដុល្លារ ក្នុងមួយខែ។

បើតាមលោក Paopoom ប្រព័ន្ធឆ្នោតចូលនិវត្តន៍ថ្មីនេះ ទើបត្រូវបានគណៈរដ្ឋមន្ត្រីថៃ អនុម័ត កាលពីថ្ងៃអង្គារ។ លោកថា សេចក្តីព្រាងច្បាប់នេះ បានកែប្រែច្បាប់ស្តីពីមូលនិធិសន្សំជាតិ ហៅកាត់ NSFដែលនឹងអនុញ្ញាតឱ្យមានការបង្កើត «ឆ្នោតចូលនិវត្តន៍» នេះឡើង។

លោក Paopoom បាននិយាយថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានពិនិត្យដោយក្រុមប្រឹក្សារដ្ឋ មុនពេលត្រូវបានបញ្ជូនទៅសភាតំណាង ដើម្បីពិភាក្សា។ លោកបានបន្ថែមថា ឆ្នោតចូលនិវត្តន៍ នឹងក្លាយជាយន្តការមួយសម្រាប់ប្រជាជនក្នុងការសន្សំប្រាក់សម្រាប់ចូលនិវត្តន៍ ខណៈដែលប្រជាជនថៃភាគច្រើនបានបន្សល់ទុក តិចតួចបំផុត សម្រាប់ឆ្នាំចូលនិវត្តន៍របស់ពួកគេ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner