ប្រតិភូកីឡាបាល់បោះ (Para Throw ball) ឥណ្ឌា មកចែករំលែកបទពិសោធន៍ នៅកម្ពុជា
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់បោះ (Para Throw ball) ប្រទេសឥណ្ឌា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ALBERT PREMKUMAR VISWASAM, តំណាងប្រធាសហព័ន្ធកីឡាបាល់បោះ ឥណ្ឌា (CHIEF OFFICAL AND REPRESENTATIVE OF INDIAN PARA THROWBALL FEDERATION)។ ការមកដល់នេះ មានការទទួលស្វាគមន៍ពីមន្រ្តីគណកម្មាធិការជាតិជនពិការកម្ពុជា នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវេជ្ជបណ្ឌិត ALBERT PREMKUMAR VISWASAM បានបញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាបាល់បោះឥណ្ឌា (Indian Para Throw ball Federation) ពិតជាសប្បាយរីករាយ ដែលបានដឹកនាំកីឡាករ កីឡាការិនីឥណ្ឌា មកចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍កីឡាបាល់បោះជូនដល់កម្ពុជា។
លោក បន្តថា កីឡាបាល់បោះជនពិការ (Para Throw ball) គឺជាកីឡាមួយប្រភេទមានប្រជាប្រិយ៍ភាព ខ្លាំង ដែលមានប្រទេសចំនួន១២លេង ក្នុងចំណោមប្រទេសចំនួន ៣២ នៅជុំវិញពិភាពលោក។
លោកវេជ្ជបណ្ឌិត បង្ហាញអារម្មណ៍កក់ក្តៅ និងមោទនភាព ដែលកម្ពុជា ជាប្រទេសក្នុងតំបន់អាស៊ាន មានបំណងចង់ហ្វឹកហាត់ និងលេងកីឡាមួយនេះ ពីព្រោះវាមានការអភិវឌ្ឍ និងរីកចំរើនខ្លាំង ជាពិសេសនាចុងខែមីនាឆ្នាំក្រោយ នឹងមានការប្រកួតជើងឯកកីឡាបាល់បោះជនពិការថ្នាក់អាស៊ី នៅទីក្រុងបាងកក ប្រទេសថៃ។ លោកវេជ្ជបណ្ឌិត ALBERT PREMKUMAR VISWASAM ក៏បានបង្ហាញជំនឿចិត្តខ្ពស់ថា កម្ពុជា នឹងរីកចំរើនខ្លាំង ហើយមានកីឡាករ កីឡាការិនីមានសក្តានុពល ដោយសារការយកចិត្តទុក្ខដាក់ និងផ្តោតលើការហ្វឹកហាត់ តាមរយៈការចែករំលែក ដើម្បីត្រៀមចូលរួមប្រកួតនៅអន្តរជាតិ ដណ្តើមជ័យលាភី ពីជើងឯកថ្នាក់តំបន់អាស៊ីនាពេលខាងមុខនេះ។ លោក ក៏បានថ្លែងអំណរគុណ ឯកឧត្តម យីវាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោកស្រី សុង សុខលាភ និងសហការី ដែលបានអញ្ជើញក្រុមយើងមកចូលរួមកម្មវិធីនេះ ដើម្បីធ្វើការប្រកួតមិត្តភាព រវាងកម្ពុជា និងឥណ្ឌា ជាពិសេសរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រិបត្តិការរវាងកម្ពុជា និងឥណ្ឌាផងដែរ។
ជាការឆ្លើយតប លោកស្រី សុង សុខលាភ មន្រ្តីសម្របសម្រួល គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងអំណរគុណប្រតិភូ សហព័ន្ធកីឡាបាល់បោះ ឥណ្ឌា (Para Throw ball) មកទស្សនកិច្ច ចែករំលែកបទពិសោធន៍ លើវិស័យកីឡា និងវិស័យផ្សេងៗទៀតរវាងកម្ពុជា ឥណ្ឌា ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់បោះ (Para Throw ball) ប្រទេសឥណ្ឌា ដឹកនាំ ប្រតិភូ កីឡាករ កីឡាការិនីជនមានពិការភាពសរុប៣១នាក់ មកចែករំលែក និងទស្សនកិច្ចរយៈពេល៤ថ្ងៃពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងនោះក៏មានការប្រកួតមិត្តភាព រវាងកម្ពុជា និងឥណ្ឌា នារសៀលថ្ងៃទី០៥ ខែធ្នូស្អែកនេះ នៅមជ្ឈមណ្ឌលជនពិការតេជោសែន នាខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ