បក្សប្រឆាំងជំរុញឱ្យចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង
សេអ៊ូល ៖ សមាជិកសភាកូរ៉េខាងត្បូង ខាងបក្សប្រឆាំង បានជំរុញឱ្យចោទប្រកាន់ប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការប្រកាសដាក់ចេញ ច្បាប់អាជ្ញាសឹក ដោយបក្សជំទាស់បានអះអាងថា ជាទង្វើដើម្បីប៉ុនប៉ងបញ្ឈប់ការស៊ើបអង្កេតឧក្រិដ្ឋកម្ម លើលោក Yoon និងក្រុមគ្រួសារ។
ការប្រកាសរបស់ Yoon ដាក់ចេញ ច្បាប់អាជ្ញាសឹក កាលពីដើមសប្តាហ៍នេះ កើតមានជាលើកដំបូង នៅក្នុងប្រទេសកូរ៉េខាងត្បូង មិនធ្លាប់មាន អំឡុងរយៈពេលជាង ៤ ទស្សវត្ស ប៉ុន្តែ ត្រូវបានលុបចោលវិញ ភ្លាមៗ។
សមាជិកសភាបក្សប្រឆាំង កាលពីថ្ងៃព្រហស្បតិ៍ បានលោតផ្លោះរបង និងប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ដើម្បីចូលទៅក្នុងសភា និងបោះឆ្នោតទម្លាក់ ច្បាប់អាជ្ញាសឹកពេញមួយយប់ថ្ងៃអង្គារ បន្តដល់ថ្ងៃពុធ ហើយបន្ទាប់មក ពួកគេបានដាក់ញត្តិដើម្បីចោទប្រកាន់លើលោក Yoon ។
ចលនានេះ និយាយថា លោក Yoon «បំពានរដ្ឋធម្មនុញ្ញ និងច្បាប់» ហើយចោទប្រកាន់លោកពីបទដាក់ច្បាប់អាជ្ញាសឹក ដើម្បីគេចពីការស៊ើបអង្កេត «លើការចោទប្រកាន់ថាជាទង្វើខុសច្បាប់ ពាក់ព័ន្ធនឹងខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់»។
នៅក្នុងសម័យប្រជុំ សមាជិកសភាបានបង្ហាញសំណើចោទប្រកាន់ ទៅសភា។
សមាជិកសភា Kim Seung-won បាននិយាយថា «នេះគឺជាឧក្រិដ្ឋកម្មដែលមិនអាចលើកលែងទោសបាន ដែលមិនត្រូវលើកលែងនោះទេ»។
សកម្មភាពរបស់លោក Yoon បានធ្វើឱ្យសម្ព័ន្ធមិត្តមានការភ្ញាក់ផ្អើល រួមមាន ទាំង សហរដ្ឋអាមេរិក ដែលមានទាហានជិត៣ម៉ឺននាក់ នៅក្នុងប្រទេសនេះ។ អាមេរិកថា «លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកូរ៉េខាងត្បូង មានភាពរឹងមាំ និងធន់ ហើយយើងនឹងបន្តនិយាយជាសាធារណៈ និងចូលរួមជាលក្ខណៈឯកជន ជាមួយសមភាគីកូរ៉េខាងត្បូង ដើម្បីពង្រឹងសារៈសំខាន់ នៃការបន្តនោះ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត