រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹក ប្រជាពលរដ្ឋ ថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យ ក្នុងនោះក៏ទទួលបានចំណាប់អាម្មរណ៍ពីប្រជាពលរដ្ឋ ដែលបានលើក សរសើរពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ មានអត្តចរិត ឥរិយាបថល្អ រួសរីករាយរាក់ទាក់ មានការគួរសម ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ លើគុណភាពនៃការផ្តល់សេវាប្រចាំថ្ងៃ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូ បានចុះពិនិត្យនៅតាមផ្នែកនីមួយៗ ក៏ដូចជាពិនិត្យដំណើរការនៃការបម្រើសេវាជូនប្រជាពលរដ្ឋ ដូចជាផ្នែកពិគ្រោះក្រៅ ផ្នែកសម្រាកពេទ្យ សង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ និងរូបភាពវេជ្ជសាស្ត្រ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅតាមផ្នែកនីមួយ ដោយត្រូវលើកកម្ពស់សមត្ថភាព ដោយត្រូវពង្រឹងសមត្ថភាពខ្លួនតាមរយៈការបណ្តុះបណ្តាលបន្ថែម ជាប់ជាប្រចាំ ជាពិសេសបន្តការសិក្សាថ្នាក់ឯកទេស ដែលមានតម្រូវការ ដើម្បីយកមកអភិវឌ្ឍ បង្រៀនដល់ក្រុមការងារ និងធ្វើការស្រាវជ្រាវបន្ថែម ដើរឱ្យទាន់សម័យកាលឌីជីថល ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម មានសាមគ្គីភាពគ្នា សហការគ្នា ចេះយកអាសាគ្នា យល់យោគគ្នា ចេះសន្តោស និងបំពេញភារកិច្ចការងាររបស់ខ្លួនដោយទឹកចិត្ត ស្នាមញញឹមគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះដែរ ហេដ្ឋារចនាសម្ព័ន្ធ អនាម័យជារួមតាមផ្នែកនីមួយៗ មានភាពល្អសមស្រប តែត្រូវចេះបន្តថែរក្សា សម្អាត និងជួសជុលកែលម្អបន្ថែមដើម្បីអោយសោភ័ណ្ឌភាពទីតាំងថែទាំព្យាបាលកាន់តែពិសេសថែមទៀត។
ការចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កេតឃើញថា អ្នកជំងឺលើសឈាម និងទឹកនោមផ្អែមមានចំនួនច្រើនលើសលប់ ដែលឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ជាពិសេសប្រជាជនទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាព បង្ការខ្លួនពីជំងឺមិនឆ្លង ដោយត្រូវបរិភោគអាហារសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃដើម្បីសុខភាព ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីសធម៌វិជ្ជាជីវៈគ្រូពេទ្យ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ