ត្រឹមបីឆ្នាំ ផ្លូវដែកចិន-ឡាវក្លាយជាក្បាលម៉ាស៊ីនថ្មីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់

ប៉េកាំង ៖ យោងតាមប្រភពដែលសារព័ត៌មាន Global Times ទទួលបានពីក្រុមហ៊ុន China Railway បានឲ្យដឹងថា គិតមកទល់ពេលនេះ ផ្លូវដែកល្បឿនលឿនចិន-ឡាវ បានសម្រួលដល់ការធ្វើដំណើររបស់មនុស្សជាង ៤៣លាននាក់ និងដឹកជញ្ជូនទំនិញចំនួន ៤៨.៣លានតោនក្នុងអំឡុងពេលប្រតិបត្តិការរយៈពេល ៣ឆ្នាំ ថ្ងៃអង្គារ។

ផ្លូវរថភ្លើងល្បឿនលឿនចិន-ឡាវមានប្រវែង ១,០៣៥គីឡូម៉ែត្រ ដែលជាគម្រោងដ៏លេចធ្លោមួយ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន តភ្ជាប់ទីក្រុងគុនមីងភាគនិរតីរបស់ប្រទេសចិន ជាមួយរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ។ ផ្លូវដែកនេះបានចាប់ផ្តើមដំណើរការនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

ចាប់តាំងពីចូលដំណើរការអាជីវកម្ម ផ្លូវរថភ្លើងល្បឿនលឿននេះ បានលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់, បង្កើតឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ច និងអ្នកប្រកបរបរទេសចរណ៍ក្នុងប្រទេសទាំងពីរ ក៏ដូចជាបានចាក់បញ្ចូលនូវកម្លាំងរុញច្រានយ៉ាងខ្លាំងក្លាទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមផ្លូវនេះ។

ជាក់ស្តែងក្នុងរយៈពេល ១១ខែឆ្នាំនេះ គយក្រុងគុនមីងបានត្រួតពិនិត្យទំនិញចំនួន ៤.៣៤លានតោន មានតម្លៃប្រហែល ២.៣ពាន់លានដុល្លារ ដែលដឹកជញ្ជូនតាមរយៈផ្លូវដែកចិន-ឡាវ កើនឡើងលើសពីចំនួនសរុបកាលពីឆ្នាំ ២០២៣។

យោងតាមក្រុមហ៊ុន China Railway បានឲ្យដឹងទៀតថា ចរាចរណ៍អ្នកដំណើរតាមផ្លូវដែកចិន-ឡាវមានការកើនឡើងជាលំដាប់ ដោយបរិមាណអ្នកដំណើរប្រចាំខែបានកើនឡើងពី ៦០០,០០០នាក់នៅដំណាក់កាលដំបូងនៃប្រតិបត្តិការ រហូតដល់ ១.៦លាននាក់នាពេលបច្ចុប្បន្ន។

ចំណែកការដឹកជញ្ជូនទំនិញក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយចំនួនរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនប្រចាំថ្ងៃ បានកើនឡើងពី ២គ្រឿងនៅដើមប្រតិបត្តិការផ្លូវដែក រហូតដល់ ១៩គ្រឿងក្នុងពេលបច្ចុប្បន្ន។

រហូតមកដល់ពេលនេះ ទំនិញឆ្លងកាត់ព្រំដែនចំនួន ១០,៦លានតោន ត្រូវបានដឹកជញ្ជូនតាមផ្លូវដែក។ ក្រុមហ៊ុនបន្ថែមថា សេវាកម្មដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ត្រូវបានពង្រីកទៅកាន់ប្រទេស និងតំបន់ចំនួន១៩ រួមទាំងឡាវ ថៃ វៀតណាម និងសិង្ហបុរី៕

ប្រភព ៖ Global Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner