ពូទីន ៖ រុស្ស៊ីមិនដែលបដិសេធប្រាក់ដុល្លារទេ
បរទេស៖ នៅឯវេទិកាស្តីពីវិនិយោគ លោក Vladimir Putin ប្រធានាធិបតីនៃប្រទេសរុស្ស៊ី បានអះអាងថា រុស្ស៊ីមិនដែលបដិសេធ ប្រាក់ដុល្លារទេ ប៉ុន្តែ ការប្រើប្រាស់ដុល្លារ ត្រូវបានបដិសេធ មិនប្រើ ក្នុងប្រទេសនេះ។
ថ្លែងក្នុងកម្មវិធីវិនិយោគ ដែលគេដាក់ឈ្មោះថា «15th VTB Russia Calling» កាលពីថ្ងៃទី៤ ខែធ្នូ លោក Vladimir Putin បាននិយាយថា «យើងមិនដែលបដិសេធប្រាក់ដុល្លារទេ តែ ដុល្លារត្រូវបានបដិសេធមិនប្រើ»។ មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយបន្តថា «អ្វីៗ ទាំងអស់ដែលកើតចេញពីការជឿជាក់ហួសហេតុ មកពីមោទនភាព ដែលមិនពិត គឺមិនអាចទទួលយកបានទេ… គឺត្រូវយល់ពីដំណើរការ ដែលកើតឡើង នៅទូទាំងពិភពលោក និងបង្កើតគោលនយោបាយ ដោយផ្អែកលើការយល់ដឹងនេះ រួមទាំង នៅកម្រិតអន្តរជាតិ ផងដែរ»។
លោក Putin ថែមទាំងអះអាងទៀតថា អាជ្ញាធររុស្ស៊ីមិនបានដាក់សំពាធក្រុមហ៊ុនលោកខាងលិច ចេញពីប្រទេសនោះទេ ភាគច្រើន នៃក្រុមហ៊ុនអាមេរិក និងអឺរ៉ុបនៅតែបន្តប្រតិបត្តិការ នៅលើទីផ្សាររុស្ស៊ី។
មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថា «យើងមិនបានបណ្តេញនរណាម្នាក់ចេញទេ យើងមិនបានច្របាច់នរណាម្នាក់ ចេញពីទីផ្សាររបស់យើងទេ» ដោយកត់សម្គាល់ថា «ទោះបីជាមានសម្ពាធនយោបាយក៏ដោយ ដៃគូជាច្រើន រួមទាំង មកពីអឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិក នៅតែមាន លើទីផ្សាររុស្ស៊ី»៕
ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត