សម្តេចប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីឡាវ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ
(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ កម្ពុជារយៈពេល២ថ្ងៃ ថ្ងៃទី៤-៥ ខែធ្នូ ។
សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់ ។
ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានអបអសារទរចំពោះសុខសន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ពិសេសភាពជោគជ័យបន្តបន្ទាប់ជាច្រើនដែលកម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជោគជ័យទាំងអស់នោះ បានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ ។
សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិតរួមគ្នា នៅក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងអនុវត្តបានជាផ្លែផ្កា នូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខា ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាង ។
កម្ពុជា និងឡាវចាំបាច់ត្រូវបន្តរក្សាការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្រ្ត ឱ្យបានកាន់តែល្អប្រសើរ និងស្អិតល្មួតនៅគ្រប់កម្រិត និងគ្រប់វិស័យ ក្នុងនោះរវាងបក្ស រដ្ឋាភិបាល រដ្ឋសភា វិស័យឯកជន និងសង្គមស៊ីវិល ដែលជាចាំបាច់ និងកាន់តែសំខាន់ឡើងក្នុងពេលបច្ចុប្បន្ន ដែលពិភពលោកកំពុងស្ថិតក្នុងភាពស្មុគស្មាញ ការប្រឈមកាន់តែខ្លំាងលើបញ្ហាភូមិសាស្រ្តនយោបាយនោះ ។
សម្តេចប្រធានរដ្ឋសភានិងប្រមុខរដ្ឋាភិបាលឡាវ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍ ការទូតសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ និងសន្តិសុខថាមពល ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសទំាពីរ ក៏ដូចជាការតភ្ជាប់ប្រទេសទំាងពីរទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់ ផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ