ក្រុមហ៊ុនប្រមូលសំរាម បុណ្យសមុទ្រត្រៀមជាស្រេចមិនឱ្យទេសចរឃើញសំរាមនៅលើដី

កំពត៖ខណៈខេត្តកំពតធ្វើជាម្ចាស់ផ្ទះពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤​ក្រុមហ៊ុនប្រមូលសំរាមនៅ
ខេត្តកំពតសន្យាថា នឹងប្រមូលសំរាមមិនឱ្យមាននៅលើដីក្នុងអំឡុងនៃការប្រារព្ធពិធីរយៈពេលបីថ្ងៃនេះ ។

​លោក សួន សុភក្តិ ប្រធានក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីន បានឱ្យដឹងថា ក្រុងកំពតរយៈពេលចុងក្រោយនេះ មានកំណើនភ្ញៀវ​ច្រើន ធ្វើឱ្យសំរាមក៏កើនឡើងច្រើនដែរ។សំរាមមានរង្វង់១០០តោនក្នុងមួយថ្ងៃ។ ប៉ុន្តែក្រោមការចង្អុលបង្ហាញ និងលើកទឹកចិត្តពី​ឯកឧត្តមអភិបាលខេត្ត និងដោយមានកិច្ចសហការយ៉ាងល្អពីអាជ្ញាធរក្រុង និងសង្តាត់ ,ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីន​នៅតែមានផែនការធ្វើឱ្យក្រុងកំពតស្អាត គ្មានសំរាមរាយប៉ាយឬកកស្ទះឡើយ មិនថាថ្ងៃបុណ្យ ឬថ្ងៃធម្មតានោះទេ។

លោកបន្តថា ដោយឡែកសម្រាប់ពិធីប្រណាំងទូកងនៅថ្ងៃទី១១ ដល់១២ ខែធ្នូ  និងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែល​នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ដល់១៥ ខែធ្នូខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុនម៉ាណែត ,ក្រុមហ៊ុនបានរៀបចំបង្កើនកម្លាំង​រហូត១២ក្រុមប្រចាំការនិងមានសម្ភារៈគ្រប់គ្រាន់ប្រមូលសំរាមខ្នាតតូច និងធំ ,ធុងស្តុក​ជាដើម ។ ពោលគឺមិនឱ្យភ្ញៀវឃើញ​សំរាមលើ​ដីឡើយ។

ចៅសង្កាត់កំពង់បាយ លោក ងួន សារឿន បានបង្ហាញដែរថា អាជ្ញាធរខេត្ត ក្រុង និងសង្កាត់ហត់នឿយបន្តិច​នៅក្នុងការរៀបចំ​តុប​តែងសោភណភាពក្រុង សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក និងពិធីបុណ្យសមុទ្រខាងមុខ ។ប៉ុន្តែក្នុងនាមអាជ្ញាធរ លោក​ពិតជាសប្បាយចិត្ត និងមានមោទនភាពចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានធ្វើឱ្យខេត្តកំពតប្រែប្រួលមុខមាត់ថ្មី និងមានទេសចរ​មក​កម្សាន្ត​ច្រើនជាងមុន។ចំពោះការធ្វើជាម្ចាស់ផ្ទះគិតមកដល់ពេលនេះ រៀបចំស្ទើររួចរាល់១០០ភាគរយហើយ៕
ដោយ៖សិលា សារិន

ads banner