គ្រូបច្ចេកទេស ៖ ការបណ្តុះបណ្តាលបន្ថែមពី វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញដល់គ្រូបច្ចេកទេស ជាកត្តាដ៏សំខាន់ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលនៅ កម្ពុជា

(ភ្នំពេញ)៖ លោកគ្រូ អ្នកគ្រូជាសិក្ខាកាម ក្នុងវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការយល់ឃើញថា វគ្គវិក្រឹតការនេះពិតជាមានសារសំខាន់ដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ ដើម្បីគាំទ្រកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

លោកគ្រូ ថៃ ឆេង ម៉ៅ ជាគ្រូបង្រៀនមកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មើលឃើញថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលបានរៀបចំបណ្តុះបណ្តាលរយៈពេល១០ថ្ងៃនេះ គឺមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបច្ចេកទេសឱ្យមានគុណភាពខ្ពស់ជាមួយវិធីសាស្ត្របណ្តុះបណ្តាលដ៏រឹងមាំ និងការប្រើប្រាស់ម៉ូឌុលតាមជំនាញឱ្យបានត្រឹមត្រូវ។ ក្នុងនោះ គ្រូសិក្ខាកាមបានទទួលនូវការធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលធ្វើឱ្យយល់កាន់តែស៊ីជម្រៅលើការបង្រៀនជំនាញផងដែរ។

លោកគ្រូជំនាញបច្ចេកទេសរូបនេះបន្ថែមថា រយៈពេល ១០ថ្ងៃនៃវគ្គវិក្រឹតការគ្រូនេះ ខ្លួនមានការយល់ដឹងច្រើនលើការប្រើប្រាស់ម៉ូឌុលតាមជំនាញ និងការតាក់តែងមេរៀនបង្រៀន, ផែនការជំនាញ និងវិធីសាស្រ្តថ្មីៗជាច្រើនលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបានយ៉ាងល្អប្រសើរបន្ថែមលើចំណេះដឹងដែលមានស្រាប់។

ក្នុងនាមជាគ្រូបង្រៀនបច្ចេកទេស តាមរយៈវគ្គវិក្រឹតការមួយនេះនឹងបន្តចែករំលែក និងការអនុវត្តជាក់ស្តែងនូវជំនាញបច្ចេកទេសដែលនឹងជួយផលិតបាននូវសិក្ខាកាម សិស្ស-និស្សិត និងកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការនៃសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។
ដោយឡែកអ្នកគ្រូ សាន គីមជេន ជាគ្រូបង្រៀននៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក៏បានគូសបញ្ជាក់ដែរថា វគ្គវិក្រឹតការគ្រូបច្ចេកទេសគឺជាស្ពានសម្រាប់គ្រូបណ្តុះបណ្តាលទាំងអស់ឱ្យស្វែងយល់កាន់តែសុីជម្រៅលើការប្រើប្រាស់ម៉ូឌុលតាមជំនាញ ហើយវគ្គវិក្រឹតការគ្រូបច្ចេកទេសធ្វើឱ្យកាន់តែប្រសើរឡើងនៃសមត្ថភាពជំនាញរបស់គ្រូបណ្តុះបណ្តាលបច្ចេកទេសដែលជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងបណ្តុះបណ្តាលយុវជននៅកម្ពុជា។

សម្រាប់វគ្គវិក្រឹតការគ្រូបច្ចេកទេសនេះ អ្នកគ្រូមើលឃើញថានឹងធ្វើឱ្យកាន់តែប្រសើឡើងនៃគុណភាពនៃការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា និងអាចទាក់ទាញយុវជន ពលរដ្ឋឱ្យមកទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យកាន់តែទូលាយថែមមួយកំរិតទៀតនៅថ្ងៃអនាគត និងស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល គឺយុវជនត្រូវតែរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ។
សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ក្នុងការអនុវត្តកញ្ចប់ស្តង់ដាបណ្តុះបណ្តាលស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់ សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលមិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាព និងគុណភាពជាចម្បងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកលើកកម្ពស់ និងគុណតម្លៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សំដៅទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ និងជ្រើសរើសរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្របតាមស្តង់ដាជាតិ និងតំបន់ផងដែរ។

វគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី២នេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមជាគ្រូបច្ចេកទេសមកពីគ្រឹះស្ថាន TVET នានា និងមានការធ្វើបទបង្ហាញពីវាគ្មិនមកពីនាយកដ្ឋានជំនាញ, តំណាងវិស័យឯកជន, និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner