អគ្គស្នងការរងនគរបាលជាតិ ស្នើឱ្យ​ស្នងការដ្ឋាននគរបាលខេត្ដតាកែវ​ពង្រឹងបច្ចេកវិទ្យាទប់​ស្កាត់ចំពោះព័ត៌មានក្លែងក្លាយ

តាកែវ៖ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ​ប្រចាំ​ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់​ស្នងការដ្ឋាននគរបាលខេត្តតាកែវកាលពីរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ព្រុំ សុន្ធរ អគ្គ​ស្នង​ការ​រងនគរបាលជាតិតំណាងឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យពង្រឹងកងកម្លាំងនគរបាល ពិសេសនគរបាលជំនាញព័ត៌មានវិទ្យាក្នុងការទប់ស្កាត់បទល្មើសដែលកំពុងកើតមានឡើង ។

ឯកឧត្ដមឧត្ដមសេនីយ៍ឯក ព្រុំ សុន្ធរ បានរំលឹកថា ព័ត៌មានក្លែងក្លាយ​កំពុងកើតមានឡើងតាមរយៈបច្ចេកវិទ្យា ហើយបានក្លាយជា​បញ្ហា​ប្រឈមថ្មីដែលតម្រូវឱ្យសមត្ថកិច្ចយើងត្រូវមានការយល់ដឹងខ្ពស់លើកិច្ចការងារនេះជាចាំបាច់ ។ឯកឧត្តម​បន្តថា ដូច្នេះត្រូវ​​ពង្រឹងកងកម្លាំង​នគរបាល ជាពិសេសនគរបាលជំនាញព័ត៌មានវិទ្យា ។ឯកឧត្តមក៏​បានកោត​សរសើរ​ដល់ស្នងការដ្ឋាននគរបាលខេត្តសកម្មក្នុង​ការ​បង្ការនិងបង្ក្រាបបទល្មើសបានយ៉ាងរហ័ស ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌ​មានការថយចុះរហូត៤០ភាគរយ នៅឆ្នាំ២០២៤នេះ បើធៀបទៅនឹងឆ្នាំ ២០២៣កន្លងទៅ។

ចំណែកលោក ស៊ុត ខុន អភិបាលរងខេត្ដតាកែវដែលអញ្ជើញចូល​ក្នុងពិធីនេះដែរ ក៏បានជំរុញឱ្យស្នងការដ្ឋាននគរបាលខេត្ដ​បន្ត​យកចិត្តទុកដាក់រក្សា​ការ​ពារ​សន្តិសុខសាធារណៈឱ្យបានល្អ និងទប់ស្កាត់បង្ការបង្ក្រាបបទល្មើសនានាដែលកើត​មាន​នៅ​តាមមូលដ្ឋាន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ មាន​បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ២២៧លើកលើ៤៣៦លើក ,ថយចុះ ២០៩លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៩នាក់,របួស ៨៥នាក់ និងខូចខាតបាត់បង់ទ្រព្យសម្បត្តិមួយចំនួន។ក្នុង២២៧​ករណីនេះដែរ​ នគរបាលបង្រ្កាបបាន ២២២​ករណី,បង្រ្កាបជាក់​ស្ដែង១៦៦ករណី តាមការស៊ើបអង្កេតស្រាវជ្រាវ ៥៦ករណី ឃាត់ខ្លួនជនសង្ស័យសរុប ៣០០នាក់ កសាងសំណុំរឿងបញ្ជូន​ទៅតុលាការ៕
ដោយ៖សំាង សារ៉ាវី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner