កម្ពុជា និងអឺរ៉ុប បើកដំណើរការគម្រោង “សម្ព័ន្ធមេត្រីភាព” ជាផ្លូវការ ដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធស្ថិតិ
ភ្នំពេញ ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមទាំងតំណាងក្រុមការងារអឺរ៉ុបមកពីប្រទេសអ៊ីតាលី បារាំង ប៉ូឡូញ និង លីទុយអានី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសម្ព័ន្ធមេត្រីភាពសហភាពអឺរ៉ុបជាមួយវិទ្យាស្ថានជាតិស្ថិតិ (NIS) ក្រោមប្រធានបទ “ការលើកកម្ពស់គុណភាពប្រព័ន្ធស្ថិតិនៅកម្ពុជា”។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រព័ន្ធស្ថិតិដែលមានគុណភាពខ្ពស់ និងប្រកបដោយបរិយាបន្ន។ ឯកឧត្តម ប៊ិន ត្រឈៃ បានលើកឡើងថា វិទ្យាស្ថានជាតិស្ថិតិដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការបង្កើតគោលនយោបាយផ្អែកលើទិន្នន័យ និងភស្តុតាងរបស់រដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា កិច្ចការនេះមានសារៈសំខាន់ណាស់ សម្រាប់ធ្វើឱ្យទិសដៅអភិវឌ្ឍន៍មានភាពសមស្រប ជាក់លាក់តាមបរិបទ និងបំពេញតាមតម្រូវការពិតប្រាកដរបស់ប្រជាជនកម្ពុជា ស្របតាមគោលការណ៍ “មិនទុកនរណាម្នាក់ចោល”។ ភាពជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយសហភាពអឺរ៉ុបនេះទៀតសោត នឹងជួយដល់ការប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាព ដើម្បីរៀបចំគោលនយោបាយ អភិវឌ្ឍន៍នៅកម្ពុជា”។
ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានពន្យល់ពីគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុបជាលើកដំបូងនៅកម្ពុជា និងអាស៊ី។ គំនិតផ្ដួចផ្ដើមនេះ បង្កើតជាថ្នាលសម្រាប់ការចែករំលែកចំណេះដឹងទៅវិញទៅមករវាងប្រទេសជាមិត្ត និងជំនាញបច្ចេកទេសរវាងស្ថាប័នស្ថិតិកម្ពុជា និងអឺរ៉ុប។ ឯកឧត្តមបន្តថា “កិច្ចសហការកម្រិតស្ថាប័ននេះផ្តល់នូវចំណេះដឹងជាក់ស្តែង និងការអនុវត្តល្អៗនៅតាមផ្នែក ដូចជា ក្របខណ្ឌបទប្បញ្ញត្តិ និងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងបច្ចេកវិទ្យា ស្តង់ដារគុណភាពទិន្នន័យ និងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់អ្នកជំនាញស្ថិតិ”។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាវិនិយោគបន្ថែមទៀតក្នុងវិស័យនេះ ដោយយល់ឃើញពីតួនាទីដ៏សំខាន់របស់វិស័យនេះចំពោះតម្លាភាព និងការសម្រេចចិត្តដោយមានព័ត៌មានគ្រប់ជ្រុងជ្រោយ។
ដោយមានថវិកាសរុបចំនួន ២លានអឺរ៉ូ សម្រាប់រយៈពេលអនុវត្ត ៣០ខែ ប្រទេសអ៊ីតាលីនឹងដឹកនាំគំនិតផ្តួចផ្តើមនេះ ដោយសហការជាមួយប្រទេសបារាំង លីទុយអានី និងប៉ូឡូញ។ គម្រោងនេះផ្តោតលើសមាសធាតុសំខាន់ៗចំនួនបី៖ ១. ការពង្រឹងកិច្ចសម្របសម្រួលការងារនៅកម្រិតស្ថាប័នក្នុងប្រព័ន្ធស្ថិតិជាតិ (NSS)។ ២. ការកែលម្អវិធីសាស្រ្តក្នុងការប្រមូល ការផលិត និងការផ្សព្វផ្សាយផលិតផលស្ថិតិ។ ៣. ការបង្កើនសមត្ថភាពប្រព័ន្ធអភិវឌ្ឍន៍ការបណ្តុះបណ្តាល និងវិជ្ជាជីវៈសម្រាប់អ្នកជំនាញស្ថិតិ៕
អត្ថបទ ៖ ឈឹម ទីណា