ប្រជាពលរដ្ឋរស់នៅ ក្នុងខណ្ឌសែន សុខ ស្នើសុំចាប់ពីអាយុ ៦០ឆ្នាំឡើង អាចមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប ស ស
(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង អាចមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប ស ស សុំចាត់វិធានការចំពោះក្រុមយុវជនដែលជក់បារីអេឡិចត្រូនិក ,សុំរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈនៅផ្សារដើមអម្ពិល ,សុំធ្វើប័ណ្ណកម្មសិទ្ធិនិងការសុំធ្វើផ្លូវ ធ្វើលូនៅក្នុងមូលដ្ឋានផងដែរ ។
ការស្នើបែបនេះរបស់ប្រជាពលរដ្ឋបានធ្វើឡើង នាព្រឹកថ្ងៃទី០៥ ធ្នូ ២០២៤នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ខណ្ឌសែន សុខនៅពិភពថ្មីសែនសុខ ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ក្រោមអធិបតី លោកជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញនិងជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានលើកឡើងថា ៖ ឥឡូវអ្នកមានអាយុចាប់ពី ៦០ឆ្នាំឡើងច្រើននាក់ណាស់ចង់ធ្វើប័ណ្ណ ប ស ស ខណៈដែលពួកគាត់មិនអាចធ្វើបាន ។ ដូច្នេះសូមរដ្ឋបាលរាជធានីភ្នំពេញជួយអន្តរាគមន៍។
ស្នើសុំអោយកងកម្លាំងនិងអាជ្ញាធរចាត់វិធានការចំពោះក្រុមយុវជន ជក់បារីអេឡិចត្រូនិក ដែលការជក់នេះធ្វើអោយប៉ះពាល់សុខភាព ។ ស្នើសុំរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈនៅផ្សារដើមអម្ពិលដែលបង្កអោយមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ។ ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ សុំការជួសជុលនិងសម្រួលធ្វើផ្លូវ ធ្វើលូ ។
លោក សុខ ពេញវុធ បានមានប្រសាសន៍ថា ការស្នើរបស់ប្រជាពលរដ្ឋខាងលើ ក្នុងនាមអាជ្ញាធរយើងនឹងធ្វើការដោះស្រាយ ដោយអោយអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យនិងវាយតំលៃ ដើម្បីឆ្លើយតប ពោលគឺអ្វីដែលថ្នាក់ខណ្ឌ ឬថ្នាក់រាជធានីភ្នំពេញធ្វើបានយើងធ្វើភ្លាម ។ តែបើហូសពីសមត្ថភាពយើងក៏មិនទុកចោលដែរ គឺសុំគោលការទៅថ្នាក់លើបន្តទៀត ជាក់ស្តែងដូចជាការស្នើសុំពីសំណាក់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងឱ្យមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប ស ស រដ្ឋបាលរាជធានីភ្នំពេញសុំគោលការទៅថ្នាក់ជាតិបន្តទៀត។ដោយឡែកចំពោះសំណើរជាលាយលក្ខណ៍អក្សរចំនួន៨២ច្បាប់រដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅដោះស្រាយពេលក្រោយ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះដែរ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាចំនួន៤ ដែលមានដូចជា៖ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ បរិស្ថាន សុខមាលភាពសង្គម ការបំរើសេវាសុខាភិបាលនិង ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូន បានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ