រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីណូ អាហ្គ្រីប៉ូតាស (Sino-Agri Potash Co.,Ltd) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។ បន្ថែមពីលើនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។

ពាក់ព័ន្ធនឹងការងារនេះទៀតសោត ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនស្វែងយល់ពីតម្រូវការទីផ្សារនៅកម្ពុជា ហើយត្រូវវិនិយោគជីកសិកម្មដែលមានគុណភាពល្អ មានតម្លៃសមរម្យ និងមានស្តង់ដាខ្ពស់ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner