រដ្ឋមន្ត្រីទេសចរណ៍ប្រាប់ថា បុណ្យសមុទ្រលើកទី១១ ត្រូវធ្វើយ៉ាងឱ្យទេសចរចងចាំល្អៗ
កំពត៖គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពតបានត្រៀមរៀបចំបុណ្យសមុទ្រលើកទី១១ ជុំទី៣ស្ទើរតែរួចរាល់។ ទន្ទឹមនេះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តឱ្យបន្តស្មារតីសហការល្អបន្តទៀត ធ្វើយ៉ាងណាឱ្យបុណ្យសមុទ្រលើកទី១១ទទួលជោគជ័យ ដក់ជាប់ការចងចាំរបស់ភ្ញៀវជាតិ អន្តរជាតិ និងចង់ឃើញ ចង់ចូលរួម បុណ្យសមុទ្រលើកក្រោយៗទៀត។
កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅសាលាខេត្តកំពតក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងមន្រ្តីនៃអនុគណៈកម្មការទាំងអស់ ។
ក្នុងកិច្ចប្រជុំឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកោតសរសើរអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំនៃអនុគណៈកម្មការទាំងអស់ដែលបានរួមសហការគ្នាបានល្អប្រសើរ ធ្វើឱ្យការងាររៀបចំពិធីបុណ្យសមុទ្រ គិតមកដល់ពេលនេះ សម្រេចស្ទើរ១០០ភាគរយ ។ឯកឧត្តមចង់ឱ្យព្រឹត្តិការណ៍នេះបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ ចងចាំ និងចង់ឃើញ ចង់ចូលរួមពិធីបុណ្យសមុទ្រលើកក្រោយៗទៀត។
បុណ្យសមុទ្រលើកទី១១ ជុំទី៣នឹងប្រារព្ធរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។កម្មវិធីបើកជាផ្លូវការ នៅថ្ងៃទី១៣ ខែធ្នូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី ហ៊ុនម៉ាណែត។ព្រឹត្តិការណ៍ប្រចាំឆ្នាំនឹងមានកម្មវិធីកម្សាន្តជាច្រើនដូចជា ការសម្តែងសិល្បៈ កីឡា ការប្រគំតន្ត្រី ពិព័រណ៍ផលិតផលក្នុង និងក្រៅស្រុក ពិព័រណ៍ភូមិមួយផលិតផលមួយ ជាដើម។
បុណ្យសមុទ្របានរៀបចំលើកដំបូងនៅខេត្តព្រះសីហនុនាដំណាច់ខែធ្នូឆ្នាំ២០១១ ឆ្លងចូលឆ្នាំ២០១២ ។រាជរដ្ឋាភិបាលបានកំណត់រៀបចំពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំនៅខេត្តមានឆ្នេរសមុទ្រទាំងបួនមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និងខេត្តកំពត តាមទម្រង់ឆ្លាស់វេន៕
អត្ថបទនិងរូបភាព៖ សិលា សារិន