SpaceX ទទួលលុយ NASA ជាង ៨០០លានដុល្លារ កម្ទេចស្ថានីយ៍អវកាសអន្តរជាតិនៅឆ្នាំ ២០៣០
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអវកាស SpaceX របស់លោក Elon Musk បានទទួលយកកុងត្រារបស់អង្គការ NASA ក្នុងតម្លៃ ៨៤៣លានដុល្លារ ដើម្បីរុញស្ថានីយអវកាសអន្តរជាតិ (ISS) ឲ្យចេញពីគន្លងភពផែនដី នៅអំឡុងឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Unilad។
ស្ថានីយ ISS ដែលមានទំហំប៉ុនតារាងបាល់ទាត់នេះ ត្រូវបានបង្កើតឡើង និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក (NASA), រុស្ស៊ី (Roscosmos), អឺរ៉ុប (ESA), ជប៉ុន (JAXA) និងកាណាដា (Canada)។ ស្ថានីយអន្តរជាតិនេះ នឹងត្រូវដាក់ឲ្យចូលនិវត្តន៍នៅក្នុងឆ្នាំ ២០៣០ខាងមុខ ក្រោមហេតុផលថា គ្រឿងបន្លាស់នៃយានអាចមានសភាពចាស់ទ្រុឌទ្រោមទៅតាមអាយុកាល។
ហើយស្ថិតក្រោមកិច្ចសន្យាជាមួយ NASA ក្រុមហ៊ុន SpaceX នឹងត្រូវសាងសង់យានអវកាសមានឈ្មោះថា US Deorbit Vehicle ទុកសម្រាប់យកទៅទាញទម្លាក់ស្ថានីយអវកាសអន្តរជាតិ (ISS) ទម្ងន់ជាង ៤៥០តោន ក្នុងរយៈពេលកម្ពស់ប្រហែល ៤០៨គីឡូម៉ែត្រពីផែនដី ដើម្បីកម្ទេចវាចោលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ២០ឆ្នាំ គិតចាប់ពីថ្ងៃបាញ់បង្ហោះដំបូងកាលពីឆ្នាំ១៩៩៨។
អង្គការ NASA បានប្រកាសថា គម្រោងស្ថានីយអវកាសថ្មី នឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០៣០ បន្តវេនពីស្ថានីយអវកាសចាស់ ដែលត្រៀមនឹងដកចេញដោយក្រុមហ៊ុន SpaceX។ យ៉ាងណា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី មិនប្រាកដថា អាចបន្តទៅមុខទៀតនោះឡើយ ដោយសារតែរុស្ស៊ីបានប្រកាសសហការជាមួយអាមេរិកលើវិស័យលំហអវកាសនៅត្រឹមឆ្នាំ ២០២៨ប៉ុណ្ណោះ៕
ប្រភព ៖ Unilad ប្រែសម្រួល ៖ ឈឹម ទីណា