ជប៉ុនផ្តើមដំណើរការឡានដឹកទំនិញបើក​ដោយខ្លួនឯង

បរទេស៖ កាសែត NHK បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះថា ដើម្បីពន្លឿនការដោះស្រាយបញ្ហាកង្វះមនុស្សបើកបរឡានដឹកទំនិញ ការសាកល្បងរថយន្តដឹកទំនិញស្វ័យបើកបរ បានចាប់ផ្តើមដំណើរការ នៅកណ្តាល ប្រទេសជប៉ុន ស្របពេលដែលប្រទេសនេះ មានគោលបំណង អនុញ្ញាតឱ្យរថយន្តបែបនេះ នៅលើផ្លូវល្បឿនលឿន ជាសាធារណៈ ចាប់ពីខែមេសា ឆ្នាំ២០២៦ តទៅ។

កង្វះអ្នកបើកបររថយន្តដឹកទំនិញ ដែលដឹកជញ្ជូនទៅមក ពីឃ្លាំងទំនិញ បានជំរុញឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនស្វែងរកជម្រើស ឡានដឹកទំនិញ ដែលគ្មានអ្នកបើកបរនេះឡើង។

ក្រសួងដឹកជញ្ជូន និងអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា ដែលបានបង្ហាញពីរបៀបដែលឡានស្វ័យបើកបរ ដំណើរការ នៅតំបន់សេវាកម្មមួយ នៅកណ្តាលប្រទេសជប៉ុន។ ការសាកល្បងស៊េរីបន្ទាប់ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ឧបករណ៍ចាប់សញ្ញា និងឧបករណ៍ទំនាក់ទំនងដែលត្រូវបានដំឡើងដោយរដ្ឋាភិបាល នៅលើផ្លូវល្បឿនលឿន។ទាំងនេះនឹងជួយគ្រប់គ្រងពីរបៀបដែលរថយន្តដឹកទំនិញផ្លាស់ទីចេញ ពីតំបន់សេវាកម្ម និងទៅកាន់ផ្លូវល្បឿនលឿន។

លោក Kitajo Takafumi មន្ត្រីនៃក្រសួងដឹកជញ្ជូនបាននិយាយថា «នេះគឺជាជុំទីមួយនៃការសាកល្បង ដូច្នេះ យើងចង់កំណត់បញ្ហាដែលអាចកើតមាន និងចង់ដឹងថា តើនឹងមានប្រសិទ្ធភាពបែបណា… យើងក៏ចង់កំណត់ពីបញ្ហាប្រឈម ពេលដំណើរការផងដែរ»។

បើតាម NHK ឡានដឹកទំនិញស្វ័យបើកបរទាំងនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ រវាងទីក្រុងតូក្យូ និងអូសាកា មុនគេ។

ការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវ Nomura ប៉ាន់ប្រមាណថា ការដឹកជញ្ជូនទំនិញ នឹងធ្លាក់ចុះ ពី១.៤៣ពាន់លានតោន ក្នុងឆ្នាំ២០២០ មកត្រឹម ១.៤ ពាន់លានតោន ក្នុងឆ្នាំ២០៣០។ កង្វះអ្នកបើកបរ រថយន្តដឹកជញ្ជូនត្រូវបានបារម្ភថា នឹងធ្លាក់ចុះពីចំនួន៦៦ម៉ឺននាក់ មកត្រឹម ៤៨ម៉ឺននាក់ នៅឆ្នាំ២០៣០ ឬស្មើនឹង ៣៦ភាគរយ នេះបើតាម AFP៕

ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner