សង្ស័យទេសចរវៀតណាមបន្លំធ្វើការនៅកូរ៉េ ចំពេលមិនគិតថ្លៃទិដ្ឋាការ

ហាណូយ៖ កាសែត VNexpress បានចេញផ្សាយ កាលពីថ្ងៃពុធថា អ្នកទេសចរវៀតណាម ចំនួន៣៨នាក់បានបាត់ខ្លួនគ្មានដំណឹង ក្នុងពេលធ្វើដំណើរកម្សាន្តទៅលេងកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលមានការចោទប្រកាន់ថា ពួកគេបន្លំធ្វើការនៅកូរ៉េខាងត្បូង ចំពេលមានកម្មវិធី «មិនគិតថ្លៃទិដ្ឋាការ» ដែលអនុញ្ញាតឱ្យពលរដ្ឋ មកពី៦៤ប្រទេស អាចស្នាក់នៅ លើកោះនេះ រហូតដល់៣០ថ្ងៃ ដោយគ្មាន Visa។

អាជ្ញាធរទេសចរណ៍កោះ Jeju បានបញ្ជាក់ កាលពីថ្ងៃអង្គារថា ថ្មីៗនេះ ភ្ញៀវទេសចរវៀតណាម៩០នាក់ បានទៅលេងកោះនេះ ប៉ុន្តែ ៣៨នាក់ ក្នុងចំណោមពួកគេ បានបាត់ខ្លួន អំឡុងពេលជើងចុងក្រោយ នៃការធ្វើដំណើរ ដោយគេដឹងថា ដំណើរកម្សាន្តនេះមានចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នេះបើតាមកាសែត Korea Times ។

ភ្នាក់ងារទេសចរណ៍វៀតណាមមានការព្រួយបារម្ភ ហើយណែនាំកូរ៉េខាងត្បូងរឹតបន្តឹងនីតិវិធីទិដ្ឋាការឡើងវិញ បន្ទាប់ពីកើតមានឧប្បត្តិហេតុនេះ។ លោក Nguyen Cong Hoan អគ្គនាយកក្រុមហ៊ុន Flamingo Redtours ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បាននិយាយថា ពួកគេធ្វើដំណើរ តាមរយៈកញ្ចប់ដំណើរកម្សាន្ត ប៉ុន្តែ បន្ទាប់មក បានស្នាក់នៅប្រទេសកូរ៉េខាងត្បូង តែម្តង ដើម្បីធ្វើការដោយខុសច្បាប់។ ក្រោយកើតហេតុ ភ្នាក់ងារទេសចរណ៍កំពុងចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ការកើតឡើង បន្តទៀត។

ទីភ្នាក់ងារទេសចរណ៍ដ៏ធំមួយ នៅទីក្រុងហូជីមិញបានអះអាងថា ជាទូទៅ មុនពេលមាន កម្មវិធី Free Visa កូរ៉េខាងត្បូងគឺជាគោលដៅទេសចរណ៍ពេញនិយមបំផុត សម្រាប់ជនជាតិវៀតណាម តែ នីតិវិធីទិដ្ឋាការស្មុគស្មាញ ដូចទៅនឹង ការស្នើសុំទិដ្ឋាការនៅជប៉ុន ដែរ។ នៅឆ្នាំ២០២៤នេះ កូរ៉េខាងត្បូងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរវៀតណាមចំនួន ៥៥ម៉ឺន នាក់ ស្មើនឹងចំនួនមុន ពេលមានជំងឺរាត្បាតកូវីដ១៩ នេះបើតាម កាសែត VNexpress ដដែល៕

ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner