សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្រ្តី ឡាវ ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ។

សម្តេចតេជោ ហ៊ុន សែន រីករាយនឹងការផ្លាស់ប្តូរទស្សនកិច្ចប្រកបដោយការចាប់ចិត្តរវាងប្រទេសទាំងពីរ ។

ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការអបអរសាទរចំពោះ បុណ្យឯករាជ្យជាតិកម្ពុជា ដែលបាននាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាជំហានៗ និងជាពិសេសកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានអរគុណកម្ពុជា ដែលជាបងប្អូនដ៏ស្មោះស្ម័គ្រ ដែលបានគាំទ្រកិច្ចប្រជុំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA) នៅឡាវ រហូតទទួលបានជោគជ័យ តាមគោលដៅយ៉ាងត្រចះត្រចង់។

ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គីឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវសេចក្តីអំណរអរគុណដល់ប្រទេសកម្ពុជា ដែលសម្តែងនូវការយកចិត្តទុកដាក់ និងការជួយគ្នាក្នុងគ្រាអាសន្ននៃគ្រោះធម្មជាតិនេះ។

ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នាពេលកន្លងទៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសយើងទាំងពីរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ឯកឧត្តម សនសៃ ស៊ីផាន់ដន មានការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមព្រំដែន ដែលភាគីប្រទេសយើងទាំងពីរ បានស្តាប់ទស្សនគ្នាទៅវិញទៅមក យោគយល់គ្នាអស់ពីចិត្តអស់ពីថ្លើម និងត្រង់ទៅត្រង់មក។ ឯកឧត្តម ក៏បានស្នើឱ្យបរិយាកាសកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អនេះ បន្តទៅមុខដើម្បីឈានទៅដោះស្រាយកិច្ចការព្រំដែនរួមគ្នា ប្រកបដោយការអភិវឌ្ឍ។

ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការរីករាយជាថ្មីម្តងទៀត នូវទំនាក់ទំនងមិត្តភាពប្រកបដោយផ្លែផ្កានៃសាមគ្គីភាពឡាវ-កម្ពុជា បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម សនសៃស៊ីផាន់ដន ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានាពេលកន្លងមក និងបានទទួលយកការអញ្ជើញរបស់ឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ទៅទស្សនកិច្ចនៅប្រទេសឡាវ នាពេលវេលាសមស្របណាមួយនាពេលខាងមុខ។ សម្តេចតេជោ ក៏បានស្នើឱ្យទស្សនកិច្ចនេះ ជាទស្សនកិច្ចក្នុងនាមគណបក្ស និងព្រឹទ្ធសភាផងដែរ។

នៅក្នុងជំនួបនេះ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាផ្លែផ្កាដែលអាស៊ានសម្រេចបាន ដែលនេះ បានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពអាស៊ាន និងការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន ក្នុងនាមជាប្រធានអាស៊ាន។

សម្តេចតេជោ ក៏បានជម្រាបជូន ឯកឧត្តម សនសៃ ស៊ីផាន់ដន ថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបីនោះទេ។

សម្តេចតេជោ បានបន្តទៀតថា ប្រទេសយើងទាំងបី កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង កម្មវិធីអភិវឌ្ឍយុវជននៃប្រទេសយើងទាំងបី។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេច ព្រឹទ្ធសភាកម្ពុជា ផ្តោតសំខាន់លើកិច្ចការសំខាន់ពីរគឺ ការទូតសភា និងគណនេយ្យភាពរបស់សមាជិកព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។

ជាការឆ្លើយតប ឯកឧត្តម សនសៃ ស៊ីផាន់ដន បានជម្រាបជូន សម្តេចតេជោថា ឯកឧត្តម នឹងពាំនាំស្មារតីនៃជំនួបនេះរាយការណ៍ជូន ឯកឧត្តម ថងលុនស៊ីសុលីត និងឯកឧត្តម សាយសំផន ភុមវិហាន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner