ច្បាប់ទូទាត់ថវិកាឆ្នាំ២០២៣ និងច្បាប់ ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៥ ត្រូវបានព្រឹទ្ធសភា ពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង
(ភ្នំពេញ)៖ ច្បាប់ទូទាត់ថវិកាឆ្នាំ២០២៣ និងច្បាប់ ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៥ ត្រូវបានព្រឹទ្ធសភា ពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង ខណៈឯកឧត្តម ង៉ែត ចដ្តាវី សមាជិកព្រឹទ្ធសភា ត្រូវបានអង្គព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧រូប ។
អង្គប្រជុំ បានដំណើរការដោយមានរបៀបវារៈចំនួន៣ រួមមាន៖
របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ គឺជាដំណើរការនៃការធ្វើសវនកម្មលើប្រតិបត្តិការថវិកាឆ្នាំ២០២៣ ប្រកបដោយភាពទទួលខុសត្រូវ និងតម្លាភាព។ សេចក្តីព្រាងច្បាប់នេះ ក៏ជាការអនុវត្តវិញ្ញាសាដ៏លំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំប្រទេសកម្ពុជាឱ្យចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ កសាងនូវលក្ខខណ្ឌចាំបាច់នៃមូលដ្ឋានសេដ្ឋកិច្ចប្រកបដោយកំណើន និងនាំឱ្យប្រទេសជៀសផុតពីវិបត្តិនានាដែលអាចគំរាមកំហែងដល់ស្ថិរភាព សង្គម គាំទ្រដល់វិស័យសង្គមកិច្ច និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចរបស់ជាតិ។
សេចក្តីព្រាងច្បាប់នេះ បានជួយឱ្យកម្ពុជាអនុវត្តបាននូវការប្រកាន់ខ្ជាប់របបប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ គឺការរៀបចំដំណើរការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។ ការបោះឆ្នោតសកលឆ្នាំ២០២៣ គឺជាលក្ខខណ្ឌចាំបាច់នៃការផ្ទេរការដឹកនាំដ៏រលូនពីរាជរដ្ឋាភិបាលនីតិកាលទី៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការអនុវត្តដោយពេញលេញនូវគោលនយោបាយចតុកោណដំណាក់កាលទី៤ មកកាន់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងការចាប់ផ្តើមនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
សេចក្តីព្រាងច្បាប់នេះ បានបង្ហាញអំពីការអនុវត្តយ៉ាងច្នៃប្រឌិត នៃការកៀរគរចំណូល បែងចែកចំណាយ រក្សាឱនភាពថវិកាឱ្យស្ថិតក្នុងពិតានកំណត់ រក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច បែងចែកថវិកាជូនថ្នាក់ក្រោមជាតិ ព្រមជាមួយនឹងការបន្តផ្តល់ថវិកាមូលធនដល់កម្មវិធីជាតិធំៗ ដែលកំពុងមានដំណើរការ។
ជាមួយគ្នានេះ ជោគជ័យកម្ពុជាតាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ធ្វើនៅរាជធានីភ្នំពេញ គឺជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាផលនៃការអនុវត្តថវិកាជាតិឆ្នាំ២០២៣។ លំហូរថវិកាដែលមានចែងក្នុងសេចក្តីព្រាងច្បាប់នេះ បានបង្កលក្ខខណ្ឌផ្ទៃក្នុងចាំបាច់របស់ប្រទេស ទប់ទល់នឹងការកើនឡើងនៃសម្ពាធ និងភាពមិនប្រាកដប្រជានៃសភាពការណ៍អន្តរជាតិខាងក្រៅ។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣ជំពូក និង២២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
បន្ទាប់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភារួចមក អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចងក្រងឡើងក្នុងគោលបំណង ដើម្បីផ្តល់ដល់រាជរដ្ឋាភិបាលនូវឧបករណ៍ច្បាប់ដើម្បីអនុវត្តយ៉ាងពេញលេញនូវកម្មវិធីអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សេចក្តីព្រាងច្បាប់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងចំណូល ចំណាយជាតិ កម្រិតពិតាននៃឱនភាពថវិកាជាតិ ការគ្រប់គ្រងក្របខ័ណ្ឌម៉ាក្រូហិរញ្ញវត្ថុពិតាននៃការខ្ចីនិងបំណុលសាធារណៈ គ្រប់គ្រងចំណាយចរន្ត និងចំណាយមូលធន ការវិភាជថវិកាទៅថ្នាក់ក្រសួង ស្ថាប័នជាតិ និងទៅស្ថាប័នថ្នាក់ក្រោមជាតិ។
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ អាចត្រូវបានប្រសិទ្ធនាមថាជា «ថវិកានៃការបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយឆន្ទៈមោះមុត និងការប្តូរផ្តាច់ក្នុងការឆ្លងកាត់ និងជម្នះលើរាល់បញ្ហាប្រឈម និងឧបសគ្គផងទាំងពួងឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព ដើម្បី ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយភាពធន់ បរិយាបន្ន និងមានចីរភាព ព្រមទាំងបែងចែកផលនៃកំណើននេះ ប្រកបដោយសមធម៌» សម្រាប់នាំប្រទេសឆ្ពោះទៅកាន់គោលដៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៦ជំពូក និង១៥មាត្រា ត្រូវបានរដ្ឋសភានៃ
ព្រះរាជា ណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន៣រូប បានឡើងមានយោបល់រួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៣៖ បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដោយឯកឧត្តម ង៉ែត ចដ្តាវី សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕
ដោយ ៖ វណ្ណលុក