រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញបន្ថែមដល់អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន និងរូបភាពដែលប៉ះពាល់ដល់តម្លៃ និងកិត្តិយសស្រ្តី និងកុមារឡើយ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំ និងជំំរុញបន្ថែមដល់អ្នកសារព័ត៌មាន ទាំងឡាយមិនត្រូវផ្សព្វផ្សាយមាតិការព័ត៌មានដែលរំពានលើកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ស្ត្រី និងក្មេងស្រីឡើយ ។ ការថ្លែងនេះ បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌ មាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ ស្កាត់អំពើហិង្សាលើស្ត្រី» ដែលមានការអញ្ជើញចូលរួមជាអធិបតីផងដែរ ដោយរដ្ឋមន្ត្រីក្រសួង កិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី, តំណាងដៃគូរពាក់ព័ន្ធជាតិ និងអន្តរជាតិ និងអ្នកចូលរួមប្រមាណជាង ៣០០នាក់ នាថៃ្ងទី០៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការសហការគ្នារវាងក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ ។
វេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រនេះ បានរៀបចំឡើងនៅទន្ទឹមនឹងពិភពលោក រួមទាំងកម្ពុជាបាននិងកំពុងចូលរួមក្នុងយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេង ស្រីឆ្នាំ២០២៤ និងដើម្បីកៀងគរភាគីពាក់ព័ន្ធសំខាន់ៗ ឲ្យចូលរួមសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាសំខាន់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ។
ឯកឧត្តម នេត្រ ភត្រ្តា នៅក្នុងពិធីនោះបានថ្លែងថា ក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការខិតខំប្រឹងប្រែងធានាការអនុវត្តអំណាចទី៤ ដែលជាអំណាចសារព័ត៌មាន ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល តាម រយៈការជំរុញការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ និងគោរពតាមក្រមវិជ្ជាជីវៈសារព័ត៌មាន ។
ក្រសួងព័ត៌មាននូវបានចូលរួមយ៉ាង សកម្ម ជាមួយក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធនានា ក្នុងការលុបបំបាត់វិសមភាពយេនឌ័រ និងអំពើហិង្សាលើស្រ្តី និងក្មេងស្រី នៅក្នុងសង្គម តាមរយៈវិស័យសារព័ត៌មាន ដើម្បីធានាបានថា ស្ត្រី និងក្មេងស្រី នឹងទទួលបានអត្ថប្រយោជន៍ពេញលេញ និងស្មើភាពគ្នាដូចបុរសដែរ ។
ចំពោះកិច្ចការនៃការលើកតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីនោះទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា កន្លងមកក្រសួងព័ត៌មានបានយកចិត្តទុកដាក់ជាខ្លាំងលើការផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធនឹងស្ត្រី តាមរយៈការដាក់បទបញ្ញាតិ្ត និងរបៀបរបបផ្សេងៗ ដោយធ្វើយ៉ាងណាមិនឲ្យមានការប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ស្រ្តី និងក្មេងស្រីឡើយ ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងទៀតថា ចំ ពោះសកម្មភាពនៃផ្សព្វផ្សាយរូបភាពអាសអា ភាស ការផ្សាយរូបភាពដែលមិនសមរម្យ មិនត្រឹមត្រូវពាក់ព័ន្ធនឹងស្រ្តី និងកុមារ និងការប្រើវិធីសាស្រ្តដោយការប្រើប្រាស់នារីដើម្បីទាក់ទាញចំណាប់អារម្មណ៍ចំពោះផលិតផលរបស់ខ្លួន ដោយរាប់បញ្ចូលទាំងអ្នកលក់ផលិតផលOnline ជាដើមនោះ សុទ្ធតែជាចំណុចសំខាន់ដែលកន្លង មកក្រសួងព័ត៌មានបានហាមឃាត់ និងបានរៀបចំរបៀបរបបឡើងវិញ ។
នៅក្នុងវេទិការនោះទៀត លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានលើកឡើងដែរថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយា និងផ្នត់គំ និតសង្គម ខណៈភាពជឿនលឿនផ្នែកបច្ចេកវិទ្យារួមទាំងបញ្ញាសិប្បនិម្មិត បានបង្កើតហិង្សាទាក់ទងនឹងយេនឌ័រ ។
លោកជំទាវរដ្ឋមន្រ្តី បានស្នើឱ្យភាគីពាក់ព័ន្ធ ត្រូវរួមគ្នាបញ្ជា្របការយល់ដឹងពីតួនាទីនៃប្រព័ន្ធផ្សព្វ ផ្សាយប្រកបដោយវិជ្ជាជីវៈ ដើម្បីរលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី និងជំរុញការរាយការណ៍ព័ត៌មានស្តីពីអំពើហិង្សាលើស្ត្រី និងជនងាយរងគ្រោះផងដែរ។
លោកជំទាវ អ៊ឹង កន្ថាផាវី នូវបានសង្កត់ធ្ងន់បន្ថែមទៀតថា ការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ គឺជាផ្នែកមួយ ដ៏សំខាន់មិនអាចខ្វះបាន ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និង សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតសម្រាប់ស្ត្រី និងក្មេងស្រី៕
អត្ថបទ៖ គង់ សុផុល