ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤
ព្រះសីហនុ៖ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកជំទាវ សេង សុមេត្តាបានថ្លែងក្នុងពិធីនេះដោយបញ្ជាក់ថាសម្រាប់លទ្ធផលនាកន្លងមក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងមូលដ្ឋានក្រុងព្រះសីហនុ បាន និង កំពុងរួមចំណែក្នុងការអនុវត្តនូវអាទិភាពគន្លឹះយុទ្ធសាស្រ្តបញ្ចកោណ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ប្រកបដោយភាពប្រាកដនិយម ដែលទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន និងជំរុញក្នុងការសម្រេចចក្ខុវិស័យប្រែក្លាយខេត្តនៃតំបន់ឆ្នេរជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោក ជំទាវបានមានប្រសាសន៍ថា៖លើសពីនេះ ក្រុមការងារក៏បានដាក់ចេញនូវផែនការក្នុងការជម្រុញអនុវត្តគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយនៅក្នុងមូលដ្ឋានឱ្យបានសម្រេចជាស្ថាពរ និងលើកនូវទិសដៅបន្តដោយផ្តោតលើការបន្តពង្រឹងការកសាងផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតាមសក្តានុពល និង តំបន់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០៕
ដោយ ៖ ម៉ាដេប៉ូ