ឯកឧត្តម យី វាសនា ៖ អ្នកជំនាញឥណ្ឌា ថាទីលាន និងការបដិសណ្ឋារកិច្ច របស់កម្ពុជា គឺមានស្តង់ដាអន្តរជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់បោះ ប្រទេសឥណ្ឌា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ALBERT PREMKUMAR VISWASAM បានវាយតម្លៃថា ទីលានហ្វឹកហាត់ និងការបដិសណ្ឋារកិច្ច របស់កម្ពុជា គៃមានកម្រិតស្តង់ដាអន្តរជាតិ ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ថ្លែងអោយដឹងក្រោយបញ្ចប់ការប្រកួតមិត្តភាព កីឡាបាល់បោះ (Throw Ball ) នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជនពិការតេជោសែន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឯកឧត្តម យី វាសនា បន្ថែមទៀតថា ទីលានហ្វឹកហាត់មានផាសុខភាព មានកន្លែងស្នាក់នៅសម្រាប់កីឡាករ កីឡាការិនី រទេះក៏អាចចេញចូលបាន ឯការស្វាគមន៍មានលក្ខណៈស្តង់ដា តាមពិធីការ Para Games របស់កម្ពុជា។ ឯកឧត្តម បន្តថា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជា ឥណ្ឌាមានកិច្ចសហការច្រើនលើវិស័យ ដូចជា វិស័យទេសចរណ៍ វិស័យកីឡា ជាពិសេសលើការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ លើប្រភេទកីឡាការ៉ាតេជនពិការ និងផ្តល់គ្រូជំនាញបង្វឹកកីឡាករ កីឡាការិនីជនពិការយើង ។
លោកវេជ្ជបណ្ឌិត ALBERT PREMKUMAR VISWASAM បានកោតសរសើរក្រុមកម្ពុជា មានសិទ្ធផលល្អទាំងក្រុមបុរស និងនារី ទោះបីការប្រកួតរយៈពេលខ្លីត្រឹមតែ៣ម៉ោង ប៉ុន្តែពួកធ្វើបានល្អ ដូច្នេះខ្ញុំនឹងបញ្ជូនគ្រូជំនាញមកបង្វឹក ដើម្បីអោយកម្ពុជាមានឪកាសជម្រុះ យកសិទ្ធលេងនៅជើងឯកអាស៊ី នាខែមីនានៅប្រទេសថៃ ។ លោកវេជ្ជបណ្ឌិត ALBERT បន្តថា ក្រៅពីកីឡាបាល់បោះ (Throw Ball ) យើងអាចបង្កើតកីឡាច្រើនទៀតតូចឬធំ ជាពិសេសកីឡាការ៉ាតេ ដោយសារមានអ្នកលេងច្រើន ដូច្នេះថ្ងៃអនាគតខ្ញុំនឹងនាំកីឡាការ៉ាតេមកកម្ពុជា ហើយវានឹងក្លាយជាកីឡាទេសចរណ៍ តាមរយៈការបដិសណ្ឋាកិច្ចរបស់កម្ពុជាគឺល្អ ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់បោះ ប្រទេសឥណ្ឌា ដឹកនាំ ប្រតិភូ កីឡាករ កីឡាការិនីជនមានពិការភាពសរុប ៣១នាក់ មកចែករំលែក និងទស្សនកិច្ចរយៈពេល៤ថ្ងៃពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ។ សម្រាប់ការប្រកួតបាល់បោះ (Throw Ball ) មិត្តភាព រវាងកម្ពុជា និងឥណ្ឌា បានបង្ហាញពីមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការល្អប្រសើរ៕
អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ និងងីម ឆៃហួត