អ៊ីស្លង់​ឱ្យបរបាញ់ត្រីបាឡែនដល់ឆ្នាំ២០២៩ រងការរិះគន់ខ្លាំង

បរទេស ៖ អ៊ីស្លង់ ដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួនបី នៅតែអនុញ្ញាតឱ្យមានការបរបាញ់ត្រីបាឡែន កាលពីថ្ងៃព្រហស្បតិ៍ បានចេញការអនុញ្ញាតដល់ក្រុមហ៊ុនចំនួនពីរ ឲ្យនេសាទត្រីបាឡែន រយៈពេល៥ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ ២០២៩។

ការសម្រេចចិត្តនេះត្រូវបានសកម្មជនសិទ្ធិរបស់សត្វ និងក្រុមបរិស្ថានបរិហារ និងរិះគន់យ៉ាងចាស់ដៃ លើរដ្ឋាភិបាល។ រដ្ឋាភិបាលដែលបានចាញ់ការបោះឆ្នោត កាលពីថ្ងៃសៅរ៍ បាននិយាយថា ការអនុញ្ញាតឱ្យនេសាទត្រីបាឡែន Fin ចំនួន ២០៩ ក្បាល និងត្រីបាឡែន Minke ចំនួន ២១៧ក្បាល ធ្វើឡើង ក្នុងអំឡុងរដូវត្រីបាឡែន ជាប្រចាំឆ្នាំ ដែលចាប់ផ្តើម ពីពាក់កណ្តាលខែមិថុនា ដល់ខែកញ្ញា។ ត្រីបាឡែន Fin ត្រូវបានចុះក្នុងបញ្ជីជាប្រភេទសត្វងាយរងគ្រោះ ដោយសហភាពអន្តរជាតិ សម្រាប់ការអភិរក្សធម្មជាតិ ហៅកាត់ IUCN។

ការអនុញ្ញាតឲ្យនេសាទត្រីបាឡែន ជាធម្មតា ត្រូវបានផ្តល់ជូន សម្រាប់រយៈពេលប្រាំឆ្នាំ ប៉ុន្តែ ចុងក្រោយ ផុតកំណត់ នៅឆ្នាំ២០២៣។ នាវានេសាទត្រីបាឡែនសកម្មតែមួយគត់ ដែលនៅសេសសល់ គឺនាវា Hvalur បានស្នើសុំ និងទទួលការបន្តការអនុញ្ញាត ជារៀងរាល់ឆ្នាំ។

ការសម្រេចចិត្ត កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានគេរិះគន់ ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដោយសមាគមបរិស្ថាន របស់ប្រទេសអ៊ីស្លង់ និងក្រុមយុវជនរបស់ខ្លួន។ ពួកគេបាននិយាយថា «លទ្ធិប្រជាធិបតេយ្យ មិនត្រូវបានគោរពទេ ហើយការចេញលិខិតអនុញ្ញាតនេះ រំលោភលើផលប្រយោជន៍ នៃអាកាសធាតុ ធម្មជាតិ និង សុខុមាលភាពរបស់សត្វ»។ អង្គការសប្បុរសធម៌អភិរក្សត្រីបាឡែន និងដូហ្វីន ក៏បានបរិហារការអនុញ្ញាតនេះដែរ។

ពួកគេបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការខ្ពើមរអើមចំពោះការសម្រេចចិត្តនេះ» ដែលក្នុងនោះ ពួកគេបានជំទាស់ថា វាជាអំពើ «គ្មានសីលធម៌ខ្ពស់» សម្រាប់រដ្ឋាភិបាលចាំផ្ទះ ក្នុងការសម្រេចចិត្ត បែបនេះ។

លោក Paul Watson ដែលជាស្ថាបនិករបស់អង្គការមួយនេះ បច្ចុប្បន្ន កំពុងត្រូវបានឃុំខ្លួន បន្ទាប់ពីត្រូវបានចាប់ខ្លួន កាលពីខែកក្កដា នៅដែនដីស្វយ័ត ដាណឺម៉ាក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner