ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ និងសង្ហារឹម ដែលជាយន្តការដ៏មានសារៈសំខាន់ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា
(ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ក្រៅពីការបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិហើយនោះ ការងារដែលត្រូវបន្តអនុវត្តទៅមុខ គឺគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ដើម្បីធានាឱ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខ ពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ។
ការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ធ្វើឡើង ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ លើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំទី១៤ហើយ ដែលសមាគមអ្នកសាងសង់កម្ពុជា បានរៀបចំសន្និបាតបូកសរុប ការងារប្រចាំឆ្នាំរបស់សមាគម ហើយក៏ជាលើកទី១២ នៃការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា-អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា ។
គោលបំណងចម្បងនៃការរៀបចំកម្មវិធីតាំងពិព័រណ៍នេះ គឺដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងក្នុងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រ សំណង់នីមួយៗ អាចចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនជារៀងរាល់ឆ្នាំ និងអាចធ្វើការ ផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារខាងវិស័យសំណង់នៅកម្ពុជា ជាពិសេសបង្កើតជាវេទិកាឲ្យអ្នកទិញ អ្នកលក់ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់ ថែមទាំងអាចជម្រុញឲ្យមានការ សហការគ្នាជាដៃគូររវាងគូភាគី ដើម្បីទទួលបាននូវតម្លៃ និងលក្ខខណ្ឌទូទាត់ពិសេសៗ ពីដៃគូរ អាជីវកម្ម ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីការងារជាយុទ្ធសាស្រ្តអាទិភាពមួយចំនួនរបស់ក្រសួង ក្នុងនោះមានការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ។ បច្ចុប្បន្នករណីវិវាទដីធ្លីត្រូវបានដោះស្រាយអស់ជាច្រើនករណី និងបានធ្លាក់ចុះមកនៅសល់ត្រឹមក្រោម ១០០០ ករណីប៉ុណ្ណោះ ដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយ ឬភាពរសើប ដែលបណ្ដាលឱ្យមានអសន្តិសុខផ្នែកសេដ្ឋកិច្ចនោះទេ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្រែក្លាយរាល់សេវាទាំងអស់របស់ក្រសួង ដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋប្រមាណ៥០០មុខ ឱ្យទៅជាសេវាដែលប្រើប្រាស់តាមរយៈប្រព័ន្ធ digitalទាំងអស់ ទាំងផ្នែកសុរិយោដី ផ្នែកសំណង់និងផ្នែកផ្សេងៗជាច្រើនទៀត ដែលសេវាទាំងនេះហៅថាសេវាគាប់ចិត្ត សម្រាប់ប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់តាមប្រព័ន្ធអនឡាញ ។
ចំពោះទន្លេសាប យើងត្រូវមានកាតព្វកិច្ចក្នុងការថែរក្សាមរតកនេះ ទុកសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋបន្តជំនាន់ ដោះស្រាយបញ្ហាទិញដីនិងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ និងត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប ដែលយុទ្ធសាស្ត្រទាំងនេះជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា និងរស់នៅប្រកបដោយភាពសុខដុមរមនា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសន្តិភាពថាជាអង្គរទី២ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់មរតកនេះមកដល់ប្រជាពលរដ្ឋ ដូច្នេះសម្រាប់យើងទាំងអស់គ្នា ពីពេលនេះតទៅមុខក្នុងសហសម័យកម្ពុជា យើងត្រូវរិះរកវិធីសាស្រ្តបន្តរៀបចំទីក្រុង ផ្ទះសំបែង និងស្រុកទេសរបស់យើងឱ្យបានល្អ ដើម្បីធានាដល់ការរស់នៅ និងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋនិងប្រទេសជាតិបន្តទៀត ។
សូមបញ្ជាក់ថា ៖ ការតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា អន្តរជាតិ ឆ្នាំ២០២៤ គឺមានក្រុមហ៊ុនចូលរួមចំនួន ១១២ក្រុមហ៊ុន ស្មើនឹង ២៣៧ ស្តង់ និងមានសម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើនសរុបប្រមាណជាង ៥០០ប្រភេទ រួមទាំងសេវាកម្មផ្សេងៗជាង ៥០ប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យសំណង់ មកដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍ ៕
ដោយ / គ្រី សម្បត្តិ