ការស្នើសុំធ្វើម្ចាស់ផ្ទះគុនខ្មែរជើងឯកពីភពលោក លើកទី៦ របស់ប្រទេសឥណ្ឌូនេស៊ីនេះ គឺជាការបោះជំហានថ្មីមួយទៀត ចេញពីកម្ពុជា ទៅបណ្ដាប្រទេសផ្សេងៗ
(សៀមរាប)៖ ឯកឧត្តមះ វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានចាត់ទុកការស្នើសុំធ្វើម្ចាស់ផ្ទះរបស់ប្រតិភូកីឡាគុនខ្មែរឥណ្ឌូនេស៊ី ធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងសៀមរាប គឺជាការបោះជំហានថ្មីមួយទៀត ចេញពីកម្ពុជា ទៅបណ្ដាប្រទេសផ្សេងៗ ។
ឯកឧត្តម រដ្ឋលេខាធិការ បានបន្តទៀតថា សហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) និងបណ្ដាប្រទេសសមាជិកលើពិភពលោក បានគាំទ្រ និងឯកភាពនូវសំណើររបស់សហព័ន្ធគុនខ្មែរឥណ្ឌូនេស៊ី ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ (The 6th World Kun Khmer Championship 2025) បន្ទាប់ពីកម្ពុជា ដែលនឹងត្រូវរៀបចំព្រឹត្តិការណ៍នេះជាលើកទី៥ នៅថ្ងៃទី០៦-០៨ ខែធ្នូចុង។ ចំណែកសហព័ន្ធគុនខ្មែរអន្ដរជាតិ និងសហព័ន្ធគុនខ្មែរជាតិរបស់យើង នឹងធ្វើការគាំទ្រខាងផ្នែកបច្ចេកទេស និងការរៀបចំនេះឲ្យបានរលូន និងទទួលបានជោគជ័យ ដែលកម្ពុជារៀបចំកន្លងមកដែរ។
លោក Sudirman ប្រធានសហព័ន្ធកីឡាគុនខ្មែរឥណ្ឌូនេស៊ី បានបញ្ជាក់ថា ការស្នើសុំធ្វើម្ចាស់ផ្ទះគុនខ្មែរជើងឯកពិភពលោកនេះ បន្ទាប់ពីលោកបានទទួលភ្លើងខៀវពីថ្នាក់ដឹកនាំរដ្ឋាភិបាលខ្លួន ពិសេសដោយសារលោកមើលឃើញពីគុណតម្លៃ និងភាពអស្ចារ្យរបស់គុនខ្មែរ ក្រោយក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះ ត្រូវបានដាក់ក្នុងការប្រកួតស៊ីហ្គេមនាពេលកន្លងមក ។ លោកថា គុនខ្មែរមានចំណុចពិសេសៗ និងភាពអស្ចារ្យជាច្រើន ។ ហេតុនេះ ទើបឥណ្ឌូនេស៊ី សម្រេចស្នើសុំរៀបចំធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកនាឆ្នាំក្រោយតែម្ដង ។
ជាលទ្ធផលមហាសន្និបាតបានសម្រេចនូវសមិទ្ធផលដ៏ត្រចះត្រចង់ ជុំវិញការពង្រឹង និងពង្រីកនូវសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏ដូចជាការបោះជំហានថ្មី នៃការស្នើសុំធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៦ របស់ឥណ្ឌូនេស៊ី បន្ទាប់ពីកម្ពុជា ដោយទទួលបានការគាំទ្រ ១០០% ពីបណ្ដាប្រទេសសមាជិក KIF ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការសហព័ន្ធ ។
គួរដឹងថា ក្រោយបញ្ចប់មហាសន្និបាតខាងលើ KIF សហការជាមួយ NOCC និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោក លើកទី៥ នៅមុខសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានប្រតិភូ និងអត្តពលិកមកពីជាង ២០ចូលរួម ក្នុងនោះក៏មានការចូលរួមពីមន្ដ្រីបច្ចេកទេសជាតិ និងអន្ដរជាតិជាច្រើនផងដែរ ៕
ដោយ ៖ ជាវ ចន្ធូ
![](https://asset.ams.com.kh/central/media/2024/12/photo_2024-12-06_09-09-54-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/12/photo_2024-12-06_09-10-13-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/12/photo_2024-12-06_09-10-02-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/12/photo_2024-12-06_09-10-00-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/12/photo_2024-12-06_09-09-58-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/12/photo_2024-12-06_09-09-51-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/12/photo_2024-12-06_09-09-49-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/12/photo_2024-12-06_09-10-10-1024x682.jpg)