ការរីកចម្រើននូវប្រព័ន្ធឌីជីថល ធ្វើឱ្យពលរដ្ឋគ្រប់រូបទទួលព័ត៌មានងាយស្រួល និងឆាប់រហ័យ
បន្ទាយមានជ័យ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍នាសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៥ ខែធ្នូឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានលើកឡើងថា ការរីកចម្រើននូវប្រព័ន្ធឌីជីថល ធ្វើឱ្យពលរដ្ឋគ្រប់រូបទទួលព័ត៌មានងាយស្រួល និងឆាប់រហ័យ ។
ក្នុងឱកាសដដែលនេះឯកឧត្ដម ឯក វណ្ណឌី ក្នុងនាមលោកថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអបអរសាទរចំពោះ លោក វិន វណ្ណាវឌ្ឍន៍ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី នាពេលនេះ ហើយសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ នឹងត្រូវខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត។
បន្ថែមលើនេះឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរំលឹកដល់ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី ត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា លោក វិន វណ្ណា វឌ្ឍន៍ ត្រូវបានតែងតាំងជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសលោក ចៅ វ៉ិត ដែលចូលនិវត្តន៍ ៕
ដោយ៖ឃិន គន្ធា