អភិបាលខេត្តកំពង់ចាម​លើកទឹកចិត្តជនមានពិការភាព​

កំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយស​ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម​ បាន​ជំរុញដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវលើកទឹកចិត្ត និងផ្តល់​ឱកាសឱ្យជនមានពិការភាព​ ដែលមាន​លក្ខណៈសម្បត្តិ និងសមត្ថភាព​បំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យបានចូលបម្រើ​ការងារ​ដោយគ្មាន​ការរើសអើង។

ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិ​លើកទី៤២ក្រោមប្រធាន​បទ“ បរិយាបន្ន​ពិការភាព​លើគ្រប់វិស័យក្នុង​យុគសម័យបរិវត្តកម្មឌីជីថល ”​ នៅសាលាខេត្តកំពង់ចាម​កាលពីព្រឹក​ថ្ងៃទី​៤​ ខែធ្នូ​ ឆ្នាំ​២០២៤​
ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ បានណែនាំដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួម​ពីផ្នែក​ឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយ​ភ្ញាក់រលឹក​នូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែង ក្នុងច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ​ផងដែរ​ ។

ឯកឧត្ដមក៏បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់​ ត្រូវបន្តជំរុញការ​សម្ភាសន៍កំណត់អត្តសញ្ញាណកម្ម និងចែកបណ្ណ​សម្គាល់​ជនមាន ពិការភាព ឱ្យបានគ្រប់ៗគ្នា។ចំណែកជនមានពិការភាពដែលមាន​បានបណ្ណសម្គាល់ស្ថិតក្នុង គ្រួសារ​មាន​បណ្ណសមធម៌ ត្រូ​វទៅចុះ​ឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅតាម​រដ្ឋបាលឃុំ សង្កាត់ ឱ្យបានគ្រប់ៗ​គ្នា ដើម្បីទទួលបានអត្ថ​ប្រយោជន៍​នានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា​ខេត្តកំពង់ចាម ជនមានពិការភាពដែលបានកំណត់​អត្តសញ្ញាណកម្ម សរុបចំនួន ១៧.៣៦១នាក់ ក្នុងនោះ ជនមាន​ពិការភាពទទួលបានបណ្ណសម្គាល់ សរុបចំនួន ១២.៩០៧នាក់ និងជនមានពិការភាពស្ថិតក្នុងគ្រួសារមាន​បណ្ណ​សមធម៌​ ចំនួន ៤.៦៤៦នាក់ ក្នុងនោះជនមានពិការភាព​ ចំនួន ១.៧៩៥នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយ​សង្គមក្នុង កញ្ចប់គ្រួសារ​ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល​ ៕
ដោយ៖លីពៅ

ads banner