“ផ្លូវឫស្សី “ទិសដៅទេសចរណ៍រាត្រីថ្មីនៅក្រុងសៀមរាប នឹងបើកដំណើរការមុនបុណ្យឆ្លងឆ្នាំសកល
សៀមរាប៖ផ្លូវឫស្សី ឬ” Bamboo Street” ស្ថិតនៅខាងក្រោយវត្តដំណាក់នៃក្រុងសៀមរាបប្រវែង ២៨០ ម៉ែត្រគ្រោងនឹង ដាក់ឱ្យដំណើរនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ។ក្រោយបើកដំណើរការ ទីនេះនឹងក្លាយជាវិថីទេសចរណ៍រាត្រីថ្មីមួយទៀត បន្ទាប់ពីតំបន់ផាប់ស្រ្ទីតដែលមានប្រជាប្រិយភាពជាយូរមកហើយ ។សមិទ្ធិថ្មីដែលចូលរួមដោយអង្គការដៃគូ និងវិស័យឯកជនផងនោះ គឺជាការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៤ ផងដែរ។
“ផ្លូវឫស្សី”ឬ Bamboo Street តំបន់នេះនឹងផ្តល់ជូននូវភាពលេចធ្លោតាមរចនាបទធម្មជាតិ និងវប្បធម៌ ដោយមានស្ទីលជីវិត ប្រើសម្ភារៈផលិតពីឬស្សី ក៏ដូចជា ម្ហូបអាហារ ភេសជ្ជៈ នំចំណី បែបដើម ។ទីនេះក៏មិនប្រើប្រាស់ប្លាស្ទិកទៀតផង ។តំបន់នេះត្រូវបានស្ថាបនាឡើង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើតបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ។
លោកស្រី នាយិការ ម៉ៅ សុផានី អង្គការSPOON បានឱ្យដឹងថា នៅថ្ងៃសម្ពោធ ផ្លូវឫស្សី ឬ Bamboo Street នឹងមានការសម្តែងតន្រ្តីផ្ទាល់ ការសម្ដែងសិល្បៈកុមារ និងចូលរួមពីក្រុមហ៊ុនតំបន់សៀមរាប រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន និងសហគ្រាសឯកជន ។សមិទ្ធិនេះ ជាគំនិតផ្តួចផ្តើមរបស់គម្រោង “ភូមិវត្តបូព៌” ដែលផ្តោតសំខាន់លើការរួមចំណែកសហគមន៍ និងការអភិវឌ្ឍ បរិស្ថានបៃតង។ ការលុបបំបាត់ការប្រើប្លាស្ទិក និង មានការគាំទ្រ ឯកភាពពីអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ ។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបក្នុងកិច្ចប្រជុំពិភាក្សាកាលពីដើមសប្ដាហ៍នេះ បានគាំទ្រយ៉ាងពេញទំហឹង នូវគំនិតផ្តួចផ្តើម បង្កើតឱ្មានទីតាំងផ្លូវទេសចរណ៍រាត្រី Bamboo Street ដើម្បីបង្កើននូវវិស័យទេសចរណ៍ សម្បូរបែប ។ជាពិសេសការចូលរួមកែលម្អសោភណភាព បរិស្ថាន និងវប្បធម៌ ។លោក បានលើកទឹកចិត្តសហគមន៍ក្នុងការចូលរួមលុបបំបាត់ការប្រើប្លាស្ទិក ។លោកក៏សង្ឃឹមថា ផ្លូវប្ញស្សី Bamboo Street នឹងក្លាយជាតំបន់ទេសចរណ៍ច្នៃប្រឌិតលេចធ្លោមួយទៀតបន្ទាប់ពីផាប់ស្រ្ទីត( Pub Street) ៕
អត្ថបទ និងរូបភាព៖ ប៊ុន រដ្ឋា