កីឡា Sumo ជប៉ុនមានអាយុកាល ១,៥០០ឆ្នាំ នឹងប្រកួតក្រៅប្រទេសលើកដំបូងក្នុងពេល ២០ឆ្នាំ
តូក្យូ ៖ សាល Royal Albert នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នឹងក្លាយជាទីតាំងរៀបចំការប្រកួតកីឡាបោកចំបាប់ ឬ Grand Sumo Tournament ជាផ្លូវការនៅឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK។
វាគឺជាលើកដំបូង ដែលកីឡាប្រពៃណីរបស់ជប៉ុនមួយនេះ រៀបចំឡើងនៅក្រៅប្រទេសក្នុងរយៈពេល ២០ឆ្នាំ។ ក្នុងឆ្នាំ ១៩៩១ សាល Royal Albert ក៏ធ្លាប់ធ្វើម្ចាស់ផ្ទះការប្រកួត Sumo ផងដែរ។
ប្រធានសមាគម Sumo របស់ប្រទេសជប៉ុន លោក Hakkaku បាននិយាយថា អ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំ គឺការនាំយកប្រពៃណី និងវប្បធម៌របស់ជប៉ុនទៅកាន់ប្រជាជនអង់គ្លេស។
នាយកប្រតិបត្តិសាល Royal Albert លោក James Ainscough បាននិយាយថា Sumo ជាព្រឹត្តិការណ៍កីឡាដ៏គួរឱ្យរំភើបមួយ… វានឹងក្លាយជាពេលវេលាបង្ហាញវប្បធម៌ដ៏អស្ចារ្យ និងជាពេលវេលាសម្រាប់ពួកយើង ទស្សនានូវអ្វីដែលយើងមិនធ្លាប់ឃើញពីមុនមក។
Sumo ត្រូវបានគេចាត់ទុកថា ជាកីឡាជាតិរបស់ប្រទេសជប៉ុន ដែលមានប្រវត្តិមានអាយុកាល ១,៥០០ឆ្នាំមកហើយ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា