ព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯកនៅខេត្តសៀមរាប នឹងប្រារព្ធចុងខែធ្នូ

សៀមរាប៖រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បុណ្យបង្ហោះ​ខ្លែងឯករយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ពិធីនេះក្នុងគោលបំណងអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ដ៏មានតម្លៃរបស់​ជនជាតិខ្មែរ ដែលបានចារឹក​នៅលើប្រាង្គប្រាសាទជាកេរដំណែលខ្មែរ។

យោងតាមឯកសារបង្ហាញថា ការបង្ហោះខ្លែងឯក គឺជាទំនៀមទម្លាប់​មួយដែលចាប់ផ្ដើមតាំងពីសម័យបុរាណ ដែល​បាន​ធ្វើឡើងដោយប្រជា​កសិករខ្មែរនៅពេលប្រមូលផលស្រូវក្នុងរដូវវស្សារួចរាល់ ។ប្រពៃណី​នេះក៏ដើម្បីសូមសេចក្តីសុខសាន្ដ និងសូមព្រះពាយកុំឱ្យភ្លៀងធ្លាក់ទៀត ។ទំនៀមទម្លាប់នេះក៏បន្តជារឿយៗដល់សម័យបច្ចុប្បន្ន ដោយមាន​អត្ថន័យ​សំខាន់​មួយសម្រាប់ជីវិតសង្គម និងធម្មជាតិ។

មុនឈានដល់ថ្ងៃប្រារព្ធ រដ្ឋបាលខេត្តសៀមរាប លោក លី សារី អភិបាលរងតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ខេត្តសៀមរាប និងមន្រ្តីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានប្រជុំពិភាក្សាដើម្បីត្រៀមរៀប​ចំពិធីនេះឱ្យបានល្អ និងទាក់ទាញចំណាប់អារម្មណ៍​ទេស​ចរជាតិ អន្តរជាតិផងដែរ។

តាមគម្រោងការបង្ហោះខ្លែងឯកនឹងប្រព្រឹត្តធ្វើនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។ក្នុងព្រឹត្តិការណ៍នេះក៏មាន​កម្មវិធីមួយចំនួន​ដូចជា ការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និងតុក្កតាយក្ស ការសម្តែង​សិល្បៈល្ខោនបាសាក់, ការតាំងពិព័រណ៍ និងបង្ហាញពីរបៀបធ្វើខ្លែង​ឯកជាដើម។

លោក លី សារី បានប្រាប់កិច្ចប្រជុំថា ដើម្បីឱ្យព្រឹត្តិការណ៍នេះ​ការ​តែអធឹកអធម ត្រូវប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឱ្យបានទូលំទូលាយ។ចំណែកអ្នកចង់ចូលរួមបង្ហោះខ្លែង​ត្រូវដាក់ពាក្យស្នើ​សុំតាមរយៈ​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។លោកបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាការលើកស្ទួយ និងអភិរក្សវប្ប​ធម៌​ដ៏មានតម្លៃរបស់ដូនតា​ខ្មែរយើង៕
ដោយ៖​ប៊ុន​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner