កុងហ្គោផ្ទុះជំងឺចម្លែកសម្លាប់មនុស្សជិត ៨០នាក់
គីនស្យាសា ៖ អាជ្ញាធរសុខាភិបាលកុងហ្គោ បាននិយាយថា ប៉ុន្មានសប្តាហ៍ថ្មីៗនេះ មនុស្សជិត ៨០នាក់បានស្លាប់ ដោយសារជំងឺចម្លែកម្យ៉ាង ដែលបច្ចុប្បន្នគេនៅពុំទាន់អាចកំណត់ប្រភពដើមនៅឡើយ។
អាជ្ញាធរនៃប្រទេសអាហ្រ្វិកកណ្តាលមួយនេះ បានបញ្ជាក់ថា ជំងឺដែលបណ្តាលឱ្យមានរោគសញ្ញា ដូចជំងឺផ្តាសាយនេះ បានរីករាលដាលនៅក្នុងខេត្ត Kwango ភាគនិរតី ចាប់តាំងពីថ្ងៃទី២៤ ខែតុលាមកម្ល៉េះ។
អាជ្ញាធរបន្តថា គិតមកទល់ពេលនេះ អ្នកជំងឺ ៣៧៦នាក់បានឆ្លងជំងឺចម្លែកនេះ និង ៧៩នាក់បានបាត់បង់ជីវិត។ ភាគច្រើននៃអ្នកស្លាប់ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងវ័យជំទង់។
អាជ្ញាធរសុខាភិបាលបន្ថែមថា រោគសញ្ញានៃជំងឺនេះ មានដូចជាគ្រុនក្តៅ ឈឺក្បាល ហៀរសំបោរ ក្អក ពិបាកដកដង្ហើម និងស្លេកស្លាំង។ រដ្ឋាភិបាល បាន បញ្ជូន ក្រុម អ្នក ជំនាញ ទៅ កាន់ តំបន់រងគ្រោះ ហើយ កំពុង ពិនិត្យ រក មូលហេតុ ដោយ សហការ ជាមួយ អង្គការ សុខភាព ពិភពលោក។
ជាមួយគ្នានេះ មន្ត្រីសុខាភិបាលកុងហ្គោកំពុងអំពាវនាវឱ្យប្រជាពលរដ្ឋនៅទីនោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវអនុវត្តវិធានការបង្ការជាមូលដ្ឋាន រួមមានជៀសវាងទៅកន្លែងដែលមានមនុស្សច្រើន និងលាងដៃជាមួយសាប៊ូជាដើម៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា