NATO ពន្លឿនការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន

ព្រុចសែល ៖ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសសមាជិកអង្គការណាតូ បានបញ្ជាក់ថា ពួកគេនឹងពន្លឿនការផ្តល់ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវដល់អ៊ុយក្រែន នៅពេលដែលរុស្ស៊ី បង្កើនការវាយលុករបស់ខ្លួន។

ការប្រកាសនេះកើតឡើងបន្ទាប់ពីប្រមុខការទូតប្រទេសសមាជិកណាតូ បាន បញ្ចប់ កិច្ចប្រជុំ រយៈពេល ពីរ ថ្ងៃ របស់ ពួកគេ កាលពី ថ្ងៃ ពុធ នៅឯទីស្នាក់ការសម្ព័ន្ធយោធាដឹកនាំដោយអាមេរិកនេះ ក្នុង ទីក្រុង ព្រុចសែល ប្រទេសបែលហ្ស៊ិក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានកត់សម្គាល់ថា ការបង្កើនសម្ព័ន្ធភាពរបស់រុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ បង្ហាញពីលក្ខណៈសកល នៃការគំរាមកំហែងដែលមានស្រាប់ រួមទាំងគ្រោះថ្នាក់កាន់តែខ្លាំងឡើង នៃសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន។

លោក Rutte បានបញ្ជាក់យ៉ាងដូច្នេះថា យើងត្រូវតែធ្វើសកម្មភាពច្រើនជាងនេះ ដើម្បីជួយអ៊ុយក្រែនអាចមានលទ្ធភាពបន្តការប្រយុទ្ធ។ យើងត្រូវតែផ្តល់ការគាំទ្រឲ្យបានគ្រប់គ្រាន់ ដើម្បីផ្លាស់ប្តូរគន្លងនៃជម្លោះនេះ និងសម្រាប់ទាំងអស់គ្នា។

ក្នុងអំឡុងកិច្ចប្រជុំនោះ បើតាមសេចក្តីរាយការណ៍ ក្រុមរដ្ឋមន្ត្រីមិនបានពិភាក្សាពីការ ចាប់ផ្តើម នីតិវិធី ផ្លូវការ សម្សម្រាប់សមាជិកភាពណាតូរបស់អ៊ុយក្រែនទេ។ ប៉ុន្តែប្រទេសសមាជិកណាតូបានយល់ព្រមដំឡើងការចំណាយលើវិស័យការពារជាតិដល់ទៅពីរភាគរយ នៃផលិតផលក្នុងស្រុកសរុប។

ទោះជាយ៉ាងណាក៏ដោយ លោក Rutte បាននិយាយថា ពីរភាគរយ គឺ “មិនគ្រប់គ្រាន់ទេ” ហើយត្រូវតែកើនឡើងថែមទៀត ដើម្បីរក្សាការរារាំងរយៈពេលវែងរបស់ណាតូនៅកម្រិតបច្ចុប្បន្ន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner