មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រចំពោះចំណាត់ការក្នុងការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម
ភ្នំពេញ៖ មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ ឯកឧត្តម អ៊ុន វិសិទ្ធគុន និងជាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានសម្តែងការគាំទ្រចំពោះចំណាត់ការក្នុង ការតាក់តែងច្បាប់ឱ្យក្រុមជ្រុលនិយមនៅក្រៅប្រទេសដាក់ជាក្រុមភេរវកម្ម។ ដោយឯឧត្តមបានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលឆ្លងកាត់នៅរបបប្រល័យពូជសាសន៍ ព្រមទាំងការរង្គោះរង្គើផ្នែកនយោបាយ ការអូសទាញការ ញុះញង់របស់ក្រុមជ្រុលនិយម គឺច្រើនឆ្នាំមកហើយ។ ទុក្ខលំបាករបស់ប្រជាពលរដ្ឋច្រើនលើកច្រើនសាកន្លងមកនេះ តាមរយៈការធ្វើបាតុកម្ម តាមរយៈការអូសទាញឱ្យចូលរួមនៅការគាំទ្រឱ្យធ្វើបដិវត្តន៍ពណ៌ផ្សេងៗ តារយៈទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួក គឺធ្វើឱ្យកម្ពុជា រងនៅភាពអសន្តិសុខនៅក្នុងសង្គមជាច្រើន។
ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបញ្ជាក់ថា “យើងមិនគួរទុកឱ្យក្រុមទាំងអស់នេះ ដើរធ្វើព្យុះធ្វើភ្លៀងកេងចំណេញនយោបាយពីកម្ពុជាតទៅទៀតទេ។ ស្របពេលដែលប្រទេសជិតខាងដែលកំពុងតែកើតនៅវិបត្តិនយោបាយ ក៏ដូចជានៅសង្គ្រាម ដែលកំពុងតែអូសន្លាយរ៉ាំរ៉ៃ។ កន្លងមកនេះ កម្ពុជាបានជួបសុខសន្តិភាព ដូច្នេះកម្ពុជាត្រូវតែពង្រឹងនិងការពាអធិបតេយ្យភាពជាតិ ក៏ដូចជាការពារនៅសន្តិសុខសង្គមឱ្យបានល្អ ជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប”។
មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍បន្តថា ចំណាត់ការដ៏ល្អរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺជាចំណាត់ការមួយដែលអ្នកនយោបាយទាំងអស់គួរតែចូលរួមគាំទ្រ និងសាទរចំពោះចំណាត់ការនេះ។ ក្នុងនាមជាអ្នកនោបាយជំនាន់ក្រោយ និងជាគណបក្សសម្ព័ន្ធភាពពេញចិត្ត ហើយនឹងចូលរួមគាំទ្រទប់ស្កាត់មិនឱ្យមានការធ្វើបដិវត្តន៍វត្តន៍នៅក្នុងប្រទេសកម្ពុជាតទៅទៀតទេ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមចួលរួមទប់ស្កាត់ និងការពារកុំឱ្យមានការកើតឡើងនៅការធ្វើបដិវត្តន៍នៅក្នុងប្រទេសកម្ពុជា។ ដោយឯកឧត្តមបានលើកឡើងថា សុខសន្តិភាពរបស់កម្ពុជា មាននាពេលបច្ចុប្បន្ននេះ គឺកើតមកពីការលំបាកខ្លាំងណាស់ ទើបយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ ហើយមានការអភិវឌ្ឍរីកចម្រើនមកដល់ថ្ងៃនេះ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងទប់ស្កាត់កុំឱ្យមានបដិវត្តន៍ពណ៌កើតមានឡើងនៅកម្ពុជា៕
ដោយ៖ពលជ័យ