មេដឹកនាំគណបក្សខ្មែរអភិរក្ស គាំទ្រការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម

ភ្នំពេញ៖ គណបក្សខ្មែរអភិរក្ស បានប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា “ តើគួរដល់ពេលហើយឬនៅ? បងប្អូនជនរួមជាតិ និងក្រុមអ្នកច្បាប់ តាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម ដែលបានលើកឡើងនូវក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានថ្លែងប្រាប់ AMS ថា កន្លងមក និងបច្ចុប្បន្ននេះ ក្រុមជ្រុលនិយមទាំងនេះ បានបង្កើតអង្គការចាត់តាំង ប្រកាសកៀរគរ បង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កព្យសនកម្មធ្ងន់ធ្ងរ ដល់សន្តិសុខ សណ្តាប់ធ្នាប់ជាតិ ក៏ដូចជាបង្កភាពវឹកវរ ចលាចលដល់ប្រជាជន ដែលវាជាអំពើខុសច្បាប់ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះ បានដុតរោលប្រជាជាតិហើយ ព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេស កម្ពុជានិងប្រទេសជិតខាងជាដើម។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍ ប្រជាធិបតេយ្យ សេរី ពហុបក្ស។

មេដឹកនាំគណបក្សខ្មែរអភិរក្ស បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅឱ្យឆ្ងាយហើយកុំជឿតាមការឃោសនាញុះញង់របស់ក្រុមនេះឡើយ និងស្នើដល់ក្រុមប្រឹក្សាអ្នកច្បាប់តាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេស និងបក្ខពួក ជាក្រុមភេរវកម្ម។ ម្យ៉ាងទៀតសូមអាជ្ញាធរមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុតលើក្រុមនេះ និងបក្ខពួក។

សូមជម្រាបថា គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានចេញញត្តិជាបន្តបន្ទាប់ប្រកាសគាំទ្រចំពោះប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានការតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម ដើម្បីធានាបាននូវសន្តិភាព ភាពសុខសាន្ត ដល់ប្រជាជាតិកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕
ដោយ៖ពលជ័យ

ads banner