គ.ជ.ប ផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការ គ.ជ.ប ឯកឧត្តម មាន សិទិ សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា៖ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាសង្កាត់ នៅក្នុងមុខតំណែងនៃ ក្រុងកំពង់សោម ត្រូវធ្វើនៅតាមសាលាសង្កាត់ទាំង ៥ របស់ក្រុង ហើយក្រុមប្រឹក្សាសង្កាត់អាចទៅបង្ហាញខ្លួនចំពោះប្រធានក្រុមប្រឹក្សាសង្កាត់ ឬមិនបាច់បង្ហាញខ្លួនក៏បាន។ ប្រធាន ក្រុមប្រឹក្សាសង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាសង្កាត់ ដើម្បីបញ្ជូនតាមឋានានុក្រម មក គ.ជ.ប។
ឯកឧត្តម បានថ្លែងថា ៖ គ.ជ.ប បានបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបញ្ជីនេះ មានបញ្ជាក់អំពីការិយាល័យចុះឈ្មោះបោះឆ្នោតផងដែរ គឺសាលា សង្កាត់ ទាំង ៥ នៃក្រុងកំពង់សោម។ជាមួយគ្នានេះចំពោះការចុះឈ្មោះអ្នកបោះឆ្នោត និងការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប ត្រូវចាប់ផ្តើមពីថ្ងៃ៥ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ហើយបញ្ជីឈ្មោះ អ្នកបោះឆ្នោត ត្រូវរៀបចំសម្រាប់ក្រុងកំពង់សោម តាមលំដាប់អក្ខរក្រម។
ឯកឧត្តម មាន សិទិ បានលើកឡើងថា៖ ក្នុងករណីដែលក្រុមប្រឹក្សាសង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូនបញ្ជីឈ្មោះសមាជិក ក្រុមប្រឹក្សាសង្កាត់មក គ.ជ.ប នោះ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលស្រុកព្រៃនប់ ដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សានោះ រួចចុះហត្ថលេខាបោះត្រារដ្ឋបាលស្រុក ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួចបញ្ជូនមក គ.ជ.ប ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ក្នុងករណីមានការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាក្នុងតំណែងក្រុមប្រឹក្សាសង្កាត់ ត្រូវលើក សំណើដោយមានបញ្ជាក់ឯកភាពតាមឋានានុក្រមមក គ.ជ.ប ដើម្បីសុំកែតម្រូវបញ្ជីបោះឆ្នោត យ៉ាងតិច ២ថ្ងៃ មុនថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅតាម លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ។
ឯកឧត្តមបានឱ្យដឹងបន្ថែមថាបន្ទាប់ពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ជនណាក៏ ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ជាលាយលក្ខណ៍អក្សរតាមពាក្យបណ្តឹង ទ.១២០២ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ព្រះសីហនុ ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ហើយគណៈកម្មការ- រៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ត្រូវសម្រេចលើពាក្យបណ្តឹងក្នុងរយៈពេល ៣ ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង ហើយថ្ងៃចុងក្រោយ គឺនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ ពាក្យបណ្ដឹងដែលទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ពាក្យបណ្តឹងត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរតាមពាក្យបណ្តឹង ទ.១២០២ ចំនួន ៣ ច្បាប់ (ករណីប្តឹងតវ៉ា) ឬចំនួន ៤ ច្បាប់ (ករណីប្តឹងជំទាស់)។ ពាក្យបណ្តឹង ទ.១២០២ នេះ ត្រូវបានប្រគល់ជូនអ្នកប្តឹងដើម្បីប្តឹង ឬប្តឹងបន្ត ប្រសិនបើមានការស្នើសុំ។ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ត្រូវធ្វើយ៉ាងយូរនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ (ជាថ្ងៃចុងក្រោយ) ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក គ្រីសម្បត្តិ