ជំនាញផលិតស្រាប្រពៃណីជប៉ុនមានអាយុកាល ៥០០ឆ្នាំ ជាប់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

តូក្យូ ៖ គណៈកម្មាធិការមួយរបស់អង្គការយូណេស្កូបានសម្រេចចិត្តចុះបញ្ជីចំណេះដឹង និងបច្ចេកទេសផលិតស្រាតាមបែបប្រពៃណីរបស់ប្រទេសជប៉ុន មានអាយុកាលជាង ៥០០ឆ្នាំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។

គណៈកម្មការអន្តររដ្ឋាភិបាលបានយល់ព្រមជាឯកច្ឆ័ន្ទចំពោះការចុះបញ្ជីនេះ ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុង អាសង់ស្យុង ប្រទេសប៉ារ៉ាហ្គាយ កាលពីថ្ងៃពុធសប្តាហ៍នេះ។

វិធីសាស្រ្តដើមរបស់ប្រទេសជប៉ុន ក្នុងការផលិតស្រា និងភេសជ្ជៈត្រូវបានបង្កើតឡើងជាង ៥០០ ឆ្នាំមុន។ ដំណើរការផលិតស្រា គឺពាក់ព័ន្ធនឹងការចំហុយអង្ករ មេដំបែ ផ្សិតកូជិ (ផ្សិតសម្រាប់ធ្វើម្ហូប) និងទឹក ដែលជាដំណាក់កាលជាបន្តបន្ទាប់ ក្នុងការផលិតស្រាតាំងតែពីបុរាណកាលមករបស់ជប៉ុន។

សិល្បៈហត្ថកម្មបានវិវត្តន៍ទៅតាមលក្ខណៈធម្មជាតិនៃតំបន់នីមួយៗ ហើយបានបន្សល់ទុកពីជំនាន់មួយទៅមួយជំនាន់ ដោយគិតគូរពីអាកាសធាតុក្នុងស្រុក និងបរិស្ថានធម្មជាតិ។

ស្រាដែលផលិតដោយបច្ចេកទេសនេះ ត្រូវបានគេប្រើប្រាស់ក្នុងពិធីប្រពៃណី និងពិធីបុណ្យនានា ហើយត្រូវបានគេនិយាយថា បានដើរតួនាទីដ៏សំខាន់នៅក្នុងវប្បធម៌ជប៉ុន។

ចំណេះដឹងសម្រាប់ជាប្រយោជន៍ និងបច្ចេកទេសផលិតស្រាបែបប្រពៃណី បានក្លាយជាការទទួលស្គាល់ទី២៣ សម្រាប់ប្រទេសជប៉ុន នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ ការចុះបញ្ជីមុនៗ មានដូចជាល្ខោន nogaku, ម្ហូប Washoku និងរបាំប្រជាប្រិយក្នុងស្រុកជាដើម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner